រដ្ឋបាលខេត្តកំពតទទួលជួបគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

0

ខេត្តកំពត នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពតកាលពីរសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ បានទទួលជួបស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយឯ.ឧ ជិន ថាញ់មិន សមាជិកមជ្ឈឹមបក្សកុំម្មុយនីសវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។

នៅក្នុងឱកាសនៃកិច្ចជំនួបនេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់ប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាដែលដឹកនាំដោយឯ.ឧញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
នៅមុនឱកាសនៃកិច្ចជំនួបនេះគណៈប្រតិភូវៀតណាមក៏បានសំដែងការផ្សារភ្ជាប់នូវមនោសញ្ចេតនាដោយបាននាំយកអំណោយសប្បុរសធម៌ជាសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រមកពីក្រុងកំពត។
នៅក្នុងឱកាសនោះលោកជំទាវ យូ សុគន្ធអភិបាលរងខេត្ត តំណាងឯ.ឧ ចាន់ ចេស្ដាអភិបាលនៃគណៈអភិបាលខេត្តកំពត បានសំដែងការស្វាគមន៍និងជំរាបជូនភ្ញៀវអំពីសក្ដានុពលរបស់ខេត្តនិង ភាពរីកចម្រើនលើគ្រប់វិស័យដែលអាជ្ញាធរខេត្តកំពតបានខិតខំយកចិត្តទុកដាក់ក្នុងដំណើរការនៃកិច្ចអភិវឌ្ឍន៍ នាប៉ុន្មានឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ ។ជាមួយគ្នានោះដែរលោកជំទាវយូ សុគន្ធក៏បានជំរាបជូនអោយដឹងអំពីភាពរីកចម្រើន ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ រវាងខេត្តជាប់ព្រំដែនទាំងពីរ គឺខេត្តកំពត និងខេត្តគៀងយ៉ាង(វៀតណាម)បានបម្រើអោយផលប្រយោជន៍គ្នាទៅវិញទៅមកជូនប្រជាជនក៏ដូចខេត្តទាំងពីរផងដែរ។
ឯ.ឧ ជិន ថាញ់មិន បានមានប្រសាសន៍បង្ហាញពីកិច្ចជំនួបនាពេលនេះគឺក្នុងគោលបំណងដើម្បី ជាការសាកសួរសុខទុក្ខជាមួយនឹងថ្នាក់ដឹកនាំខេត្តព្រមទាំងស្វែងយល់ពីភាពវិវត្តន៍រីកចម្រើនលើគ្រប់វិស័យរបស់ ខេត្តកំពតក៏ដូចជាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តកំពតនិងខេត្តគៀងយ៉ាង(វៀតណាម)ដែលមានព្រំដែនជាប់គ្នា ផងដែរ។ ឯកឧត្តមក៏បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនលើគ្រប់វិស័យនៅក្នុងទូទាំងប្រទេសកម្ពុជានិយាយរួមដោយឡែក នៅក្នុងខេត្តកំពតនាពេលបច្ចុប្បន្ននេះ។ ហើយឯ.ឧជិន ថាញ់មិនក៏បានវាយតម្លៃខ្ពស់និងកោតសរសើរផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិគ្នាល្អ រវាងអាជ្ញាធរ និងប្រជាជននៃខេត្តទាំងពីរ កំពត-គៀងយ៉ាងនាពេលកន្លងមក។ជាមួយគ្នានោះឯ.ឧ ជិន ថាញ់មិនក៏បានសំណូមពរដល់អាជ្ញាធរខេត្តកំពតបន្តកិច្ចទំនាក់ទំនងសាមគ្គី មិត្តភាពនិងសហប្រតិបត្តិការអោយបាន់តែល្អថែមទៀត។ ពិសេសការងារកិច្ចសហប្រតិបត្តិការ ក្រោមការណែនាំពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ពាក់ព័ន្ធនិងការងារបោះបង្គោលព្រំដែន ការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងទឹកដីភូមិសាស្ត្រខេត្តកំពត និងការងារសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេស ក៏ដូចជាខេត្ត និងប្រជាជនទាំងពីរកម្ពុជា វៀតណាម។
ជាការឆ្លើយតបក្នុងនាមអាជ្ញាធរខេត្តកំពតលោកជំទាវយូ សុគន្ធក៏បានសំដែងការខិតខំយកចិត្តទុកដាក់រាល់សំណូមពររបស់ប្រធានប្រតិភូវៀតណាមសំដៅធ្វើយ៉ាងណាដើម្បីថែរក្សាចំណងសាមគ្គីភាព មិត្តភាពកម្ពុជា វៀតណាមអោយបានកាន់តែរឹងមាំថែមទៀត។ ពិសេសការខិតខំកសាងនូវខ្សែបន្ទាត់ព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព និងសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជនរវាងខេត្តទាំងពីរ កំពត-គៀងយ៉ាង។
គួរបញ្ជាក់ថា៖ជាមួយនឹងកិច្ចជំនួបនេះដែរគឺបានធ្វើឡើងឆ្លៀតឱកាសស្របពេលដែលរដ្ឋបាលខេត្តកំពត ត្រូវបានផ្ដល់កិត្តិសយជាម្ចាស់ផ្ទះរៀបចំនូវសន្និសិទអន្តរជាតិលើកទី៥ ក្រោមប្រធានបទ ស្ដីពី ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យរវាងរណសិរ្សប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)ដែលត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៧នេះដែលក្រោមវត្តមានចូលរួមផងដែរពីសំណាក់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។