ការចេញចូលតាមច្រកទិនបៀន ភ្នំដិនរបស់ ពលរដ្ឋក្នុងខេត្តតាកែវត្រូវបានអាជ្ញាធរខេត្តស្នើសុំភាគីវៀតណាមជួយសម្រួល

0

តាកែវ ៖ នៅក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិការ៦ខែដើមឆ្នាំ២០១៧រវាងខេត្តតាកែវនិងខេត្តអានយ៉ាងនៅរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៧នៅទីក្រុងឡុងសៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវបានស្នើ សុំភាគីខេត្តអានយ៉ាងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវអាចចេញចូលទៅប្រទេសវៀតណាមតាមច្រកទិនបៀន​ភ្នំដិនក្នុងរយពេលខ្លីដោយគ្រាន់តែប្រើប្រាស់លិខិតបើកផ្លូវ​ដែលចុះហត្ថលេខាដោយ រដ្ឋបាលខេត្តតាកែវ។

ការស្នើសុំនេះខណៈពេលដែលអាជ្ញាធរខេត្តសង្កេតឃើញប្រជាពលរដ្ឋក្នុងខេត្តតាកែវកាន់តែមានការចេញចូលទៅខេត្តអានយ៉ាងប្រទេសវៀតណាមមានការកើនឡើង។

លោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្តថា កន្លងមកប្រជាពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនអាចចេញចូលប្រទេសវៀតណាមដោយសេរីក្នុងរយៈពេលខ្លីគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋមិន នៅជាប់ព្រំដែនដែលត្រូវទៅសួរសុខទុក្ខបងប្អូនឬទៅពិនិត្យព្យាបាលជំងឺគឺមិនអាចចេញចូលប្រទេសវៀតណាមបាននោះទេ លុះត្រា តែមានលិខិតឆ្លងដែន។ ដូច្នោះសូមអាជ្ញាធរខេត្តអានយ៉ាងអនុគ្រោះឲ្យប្រជាពលរដ្ឋដែលមានទីលំនៅពិតប្រាកដក្នុងខេត្តតាកែវអាចចេញទៅប្រទេសវៀតណាមបានដោយគ្រាន់តែមានលិខិតបើកផ្លូវរបស់រដ្ឋបាលខេត្តតាកែវនិងភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបញ្ជាក់ទីលំនៅអចិន្រ្តៃយ៍ក្នុងខេត្តតាកែវ។

ឆ្លើយតបទៅនិងការស្នើសុំរបស់ភាគីកម្ពុជា អាជ្ញាធរខេត្តអានយ៉ាងគឺលោក ង្វៀង ប៊ិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាងបានថ្លែងថា បញ្ហាអនុញ្ញាតិឲ្យប្រជាពលរដ្ឋមិននៅជាប់និងព្រំដែនចូលក្នុងប្រទេសខ្លួនដោយគ្មានលិខិតឆ្លងដែនគឺអាជ្ញាធរខេត្តមិនអាចសម្រេចបាននោះទេ បញ្ហានេះទាល់តែរដ្ឋាភិបាលទើប អាចសម្រេចបាន។ តែទោះជាយ៉ាងណាអាជ្ញាធខេត្តអានយ៉ាងនិងនាំយកសំណូមពរនេះទៅឲ្យរដ្ឋាភិបាលជាអ្នកសម្រេចហើយនៅពេលរដ្ឋាភិបាលឆ្លើយយ៉ាងណានោះ អាជ្ញាធរខេត្តអានយ៉ាង​និងជូនដំណឹងទៅអាជ្ញាធរខេត្តតាកែវឲ្យដឹងនៅពេលខាងមុខ។

សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តការណ៍រយៈពេល៦ខែនោះ អាជ្ញាធរខេត្តតាកែវក្រៅតែពីស្នើសុំឲ្យប្រជាពលរដ្ឋខ្លួនចេញចូលខេត្តអានយ៉ាងដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណនិងលិខិតរបស់រដ្ឋបាលខេត្ត ក៏បានស្នើសុំពីភាគីខេត្ត អានយ៉ាងជួយបង្រ្កាបនិងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ជាពិសេសជួយទប់ស្កាត់ប្រជាជនរបស់ខ្លួនកុំឲ្យចូលមកនេសាទនៅក្នុងដែននេសាទរបស់ប្រទេសកម្ពុជាផងដែរ៕ (វីរៈ)