អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារក្រសួងបរិស្ថានតំបន់ប្រាសាទសំបូរព្រៃគុគ

0

កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួម ដោយ លោក ឡេង ធីវន អនុប្រធាននាយកដ្ឋានអធិការកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ស្តីពីការការងារការបង្កើតតំបន់ការពារទេសភាព “សំបូរព្រៃគុក” ដែលមានផ្ទៃដីសរុប ចំនួន ៤៤០ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ខេត្តកំពង់ធំ ពិតជាមានមោទនភាពណាស់ ដែលប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ម្យ៉ាងវិញទៀត សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ជាពិសេសអ្នកដែលរស់នៅតំបន់ប្រាសាទសំបូរគុគ ដែលប្រកបមុខរបបរលក់ម្ហូបអាហារ និងវត្ថុអនុវស្សាវរីយ៍ មានការលក់ដាច់ជាងមុនផងដែរ។

ឯកឧត្តម សុខ លូ បានបន្តថា ទន្ទឹមនឹងនោះ ពួកគាត់ក៏បានជួបនូវបញ្ហាមួយចំនួន ដែលពួកគាត់បានរស់នៅលើតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក ដែលជាតំបន់ហាមឃាត់ ដូច្នេះ ក្នុងនាមខ្ញុំជាអាជ្ញាធរខេត្ត ខ្ញុំសូមណូមពរដល់លោក ឡេង ធីវន តំណាងក្រសួងបរិស្ថាន ចុះត្រួតពិនិត្យលើផ្ទៃដីជាក់ស្តែង ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើការពិភាក្សាគ្នាពីតំបន់ប៉ះពាល់ ដែលត្រូវធ្វើសំណើរទៅថ្នាក់លើ ដើម្បីធ្វើការកាត់ចេញជូនបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានមករស់នៅតំបន់ជាយូរមកហើយ ជាមួយគ្នានេះដែរ យើងត្រូវនាំគ្នាជួយការពារផលប្រយោជន៍ជាតិ មិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនទេ ដូច្នេះ យើងត្រូវរួមគ្នាទទួលខុស និងត្រូវ ទំាងអស់គ្នា ៕

ដោយ ប៊ុន រដ្ឋា