ខេត្តកំពង់ធំៈ អភិបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ ជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ក្នុងខេត្តកំពង់ធំ ឲ្យពង្រឹងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរណ៍ ដែលមកទស្សនាក្នុងខេត្តកំពង់ធំ នៅតំបន់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដើម្បីជួយសម្រួលក្នុងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពិធីនេះត្រូវបានប្រារព្វធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ក្នុងខេត្តកំពង់ធំ មិនត្រូវតំម្លើងថ្លៃលើសេវាផ្សេងៗដូចជា សេវាស្នាក់នៅ ហូបចុក ស្របពេលដែលសិស្សប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សូមឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានទាំងអស់ និងអាជ្ញាក្រុងស្រុកជួយសម្រួលដល់ការស្នាក់នៅសិស្សក្រីក្រដែលមកឆ្ងាយមិនមានលទ្ធភាពជួលផ្ទះសំណាក់ បានទៅស្នាក់នៅតាមទីវត្តអារ៉ាមនានា ដែលមានទីកន្លែងជិតមណ្ឌលប្រឡង ហើយក្នុងនោះសម្រាប់ការផ្ញើរកង់ម៉ូតូ គឺជាការទទួលខុសត្រូវសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដោយមិនមានការយកប្រាក់កម្រៃឡើយ។
ឯកឧត្តម សុខ លូ បានបន្តថា ពាក់ព័ន្ធទៅនឹងការរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្ត ឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ គឺត្រូវគិតគូរពីបញ្ហាអនាម័យ ជាចម្បងដោយការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម និងរថយន្តដឹកសំរាមឲ្យបានទាន់ពេលវេលា ដើម្បីឲ្យទីក្រុង រមនីយដ្ឋានស្អាត សេវាកម្មល្អ និងត្រូវបំផុសចលនាប្រជាជនចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឲ្យបានផុលផុស ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន សំអាតអនាម័យសណ្ដាប់ធ្នាប់នៅតាមមាត់ស្ទឹងឲ្យបានល្អ ដើម្បីបម្រើឲ្យការសម្រាក និងលំហែកាយរបស់អ្នកទេសចរ ជាពិសេសត្រូវខិតខំពង្រឹងសកម្មភាពមណ្ឌលព័ត៌មានទេសចរណ៍ និងផ្នែកសន្តិសុខឲ្យបានល្អប្រសើរផងដែរ ក្រសួងទេចរណ៍ នឹងបញ្ជូនមន្រ្តីមកជួយធ្វើការបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និងបដិសណ្ឋារកិច្ច ដើម្បីឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក។
ដោយ ប៊ុន រដ្ឋា




































