អភិបាលខេត្តសំណេះសំណាលក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំពពក

0

កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណណើរដោយ ឯកឧត្តម គង់ វិមាន បានអញ្ជើញសំណេះសំណាល ជាមួយនឹងអាជ្ញាធរមន្រ្តីជាការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សា​នុសិស្ស រួមជាមួយប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧ ។

លោក កែវ នន មេឃុំពពក បានបញ្ជាក់អំពីស្ថានភាពភូមិសាស្ត្រឃុំពពកមានចម្ងាយ៣៨គីឡូម៉ែត្រពីទីរួម​ស្រុក ​ ដែលមានព្រំប្រទល់ខាងកើត​ជាប់នឹងស្រុកប្រាសាទបាល័ង្ល ខាងត្បូងជាប់នឹងឃុំប្រឡាយ ខាង​ជើង​ជាប់នឹងស្រុកសង្គមថ្មីខេត្តព្រះ​វិហារ ខាងលិចជាប់នឹងឃ។ល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាប ឃុំពពកមាន៨ភូមិ ប្រជាពលរដ្ឋ៩៥ភាករយជាកសិករ ៥ភាគរយជាកម្មករ អជីវករឃុំពពក បានអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខប្រកបដោយគតិបណ្ឌិតបានដាក់ចេញជាគោលការណ៍នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងអនុវត្តន៍តាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃ ផ្អែកលើយន្តការណ៍ដឹកនាំទទួលខុសត្រូវ និងការសាងសង់​អគាររដ្ឋបាលសាលាឃុំ ដែលត្រូវបញ្ចុះបឋមសិលានៅពេលនេះ មានទំហំ ១៦.៥០ម x ៩ម ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា  ក្នុងពិធីបើកថវិការសាងសង់សាលាឃុំនេះ គឺជាថវិការរបស់​ខេត្ត មិនមែនជាថិការរបស់ឃុំនោះទេ ការពិតសាលាឃុំទាំង៨១ មានការខ្វះខាតច្រើន នៅឃុំខ្លះមិនទាន់ មានកន្លែងឃុំសង្កាត់ធ្វើការត្រឹមត្រូវ តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត យើងខិតខំ​កសាងឲ្យមាន​កន្លែង​ធ្វើការ ​បំរើសេវាជូនប្រជាពលរដ្ឋឲ្យបានសមរម្យ តែឆ្នាំនេះខេត្តកំពង់ធំយើង បាន​សាងសង់​សាលាឃុំចំនួន៩ បើយើងចង់បានទាំងអស់តែម្តងក៏មិនបានដែរ ព្រោះខេត្តគេក៏ត្រូវការ ខេត្ត​យើងក៏ត្រូវការ ដូច្នេះវាត្រូវការចែករំលែកគ្នា កន្លងមកនេះថវិកាឃុំ មិនត្រូវបានអនុញ្ញាតឲ្យសាងសង់សាលាឃុំទេ គឺសម្រាប់តែចំណាយទៅទៅលើការបម្រើសេវាសាធារណៈ ដូចជា សាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម ប៉ុន្តែរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថាតើសាលាសង្កាត់គួរសាងសង់នៅពេលណា? ជាឱកាសដ៏ល្អក្នុងពេលមួយបច្ចុប្បន្ននេះ ដោយសេដ្ឋកិច្ចជាតិមានកំណើន៧ភាគរយទើបធ្វើឲ្យកម្រិតថវិកាជាតិ សម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើងជាបន្តបន្ទាប់ ហេតុដូចនេះទើបខេត្តមានលទ្ធសាងសង់សំណង់ទាំងនេះបាន។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិតំាងពីបាតដៃទទេរ រហូតដល់ប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ឯកឧត្តម អភិបាលខេត្ត បានចែកអំណោយជានិមិត្តរូបដល់លោកគ្រូ អ្នកគ្រូ ចំនួន ២១នាក់ ក្នុងម្នាក់ ទទួលបាន សារ៉ុង ១ និងថវិកា ១០.០០០រៀល តាជី យាជី ចំនួន ៥០នាក់ ក្នុងម្នាក់ ទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ៥.០០០រៀល ប្រជាពលរដ្ឋ ៣០០នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុង ១ និងសិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ទទួល សៀវភៅ ប៊ិច ខ្មៅដៃ។

ដោយ  ប៊ុន  រដ្ឋា