កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានឧបត្ថម្ភ ថវិកាមួយចំនួន តាមរយះលោក យ៉ូវ សេងគុណ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ នាំយកទៅជូនដល់ប្រជាពលរដ្ឋដែលកំពុងនាំគ្នាជួសជុលស្ពានឈើ ២កន្លែង ដែលមានសភាពចាស់ទ្រុឌឌ្រោម បាក់ខាតខូចដោយសារទឹកជំនន់ ស្ថិតនៅ ភូមិពាមគ្រែង ទៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៧ខែសីហា២០១៧។
ក្រោយពីមានទឹកភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ បណ្តាលឲ្យកំណើនទឹកភ្លៀង ដង្ហក់ឡើងយ៉ាងឆាប់ នឹងបានធ្វើឲ្យផ្លូវ ស្ពានមួយចំនួន រងការខូចខាត ដូចជាស្ពានឈើចំនួន២កន្លែងនេះជាដើម រងការខូចខាតដោយសារមានទឹកហូរខ្លាំង នឹងច្រោះដីបណ្តាលឲ្យបាក់ស្រុត មានប្រវែង ៤០ម x ៣ម ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បាន ទើបមានការយកចិត្តទុកដាក់ ពីឯកឧត្តម អភិបាលខេត្តនាំថវិកាមកឧបត្ថម្ភសម្រាប់ជួសជុលស្ពាន។
លោក យ៉ូវ សេងគុណ នាយករងរដ្ឋបាសាលាខេត្ត បានអគុណចំពោះបងប្អូនទំាងអស់ ដែលបានសហការគ្នា ព្រមទំាងចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួន ដើម្បីជួយជួសជុលស្ពានឈើនេះ រហូតដល់អាចធ្វើចរាចរបានជាបណ្តោះអាសន្ន ដោយសារតែផ្លូវ ស្ពានមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋខ្លាំងណាស់
ក្នុងការធ្វើដំណើរទៅមក ហើយក៏ជាសរសៃឈាមផ្នែកសេដ្ឋកិច្ចដល់បងប្អូនសម្រាប់ដឹកជញ្ជូនកសិផលរបស់បងប្អូន ដែលបងប្អូនបានផលិតដោយចំណាកកម្លាំងញើសឈាមកន្លងមក។
ដោយ ប៊ុន រដ្ឋា




































