លោក អ៊ុត វណ្ណរ៉ា អតីតអភិបាលរងស្រុកកំពង់ស្វាយ ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាល​ស្រុកប្រាសាទ​សំបូរ

0

ខេត្តកំពង់ធំៈ  ស្រុកប្រាសាទសំបូរ មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងអភិបាលស្រុកប្រាសាទសំបូរ និងអភិបាលរង ដោយលោក ខៀវ ប៉ាង អតីតអភិបាលស្រុកប្រាសាទសំបូរ ត្រូវបានផ្ទេរភារកិច្មមកកាន់ តំណែងថ្មីនៃសាលាខេត្តកំពង់ធំ និងត្រូវបានប្រកាសលោក អ៊ុត វណ្ណរ៉ា អតីតអភិបាលរង​ស្រុក​កំពង់​ស្វាយ មកបំពេញភារកិច្ចជាអភិបាលស្រុកប្រាសាទសំបូរ រួមជាមួយលោក ម៉ាន់ សារ៉ាក់ ជាអភិបាលរងស្រុកប្រាសាទសំបូរ។

ពីធីប្រកាសផ្ទេរតួនាទីភារកិច្ចអភិបាលស្រុកប្រាសាទសំបូរ  ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្តជាអធិបតី​​ភា​ព អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងអភិបាលរងខេត្ត មន្ទីរ មន្រ្តីរាជ​ការ និងប្រជាពលរដ្ឋចូលរួមយ៉ាងអធឹកអធ័ម  ក្នុងបរិវេណ​សា​លា​ស្រុក​ប្រា​សាទសំបូរ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានបន្តថា សូមអភិបាលស្រុកថ្មី ខិតខំបំរើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ បង្កើនសាមគ្គីផ្ទៃក្នុង ផ្សាភ្ជាប់ចំណងមិត្តភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យមានភាពល្អ​ប្រសើរ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមគោរពនិងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគម​ន៍ ដូចជាដំាដំណាំ ដាំដុះ ចិញ្ចឹមសត្វ និងបង្កើតផលិតផល​បង្កើនចំនូលដល់ប្រជាពលរដ្ឋ ដែលមាន​អត្ថ​ប្រយោជន៍ដល់ជាតិមាតុភូមិ  ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន សហការ ជាមួយកងកម្លាំងទាំង៣ប្រភេទ ដើម្បីការពារសន្តិសុខ សុវត្តិភាព លុបំបាត់ចោលចោរលួចចោរប្លន់ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំងចំនុច។

នៅក្នុងឳាកសនេះដែរ ឯកឧត្តម សុខ លូ ផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអជីវករដែលប្រកបមុខរបរ លក់ដូរនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តកាន់តែច្រើនជាងមុន ហើយតួនាទីភារកិច្ចរបស់សមត្ថ​កិច្ច និងតួនាទីប្រជាពលរដ្ឋដែលជាម្ចាស់ទឹកដី ក៏មានការច្រើនឡើង ដែលចាំបាច់ត្រូវរួមគ្នា ទៅលើ​សន្តិសុខ  អនាម័យ តាមអាហារដ្ឋាន និងសេវាស្នាក់នៅ សេវាដឹកជញ្ជូន និងសេវាទេសចរណ៍នានា ។

ដោយ  ប៊ុន  រដ្ឋា