អភិបាលខេត្តកំពង់ធំ ជាអធិបតីភាពបើកវិញ្ញាសារប្រឡងសាលាវិទ្យាល័យហ៊ុន សែន បល្ល័ង្ក

0

កំពង់ធំៈ  លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ការប្រឡងចែកចេញជាពីរផ្នែក គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចូលរួមប្រឡង សរុប ចំនួន ៤.២៣៨នាក់ ស្រី ២.២២៦នាក់ និងមានមណ្ឌលប្រឡង ចំនួន ៩ មណ្ឌល ក្នុងនោះមាន មណ្ឌលអនុវិទ្យាល័យថ្នល់បែក មណ្ឌលបឋមអនុវិទ្យាល័យ ហ៊ុន សែន អាចារ្យលាក់ មណ្ឌលវិទ្យាល័យកំពង់ធំ មណ្ឌលសាលាគរុកោសល្យខេត្តកំពង់ធំ មណ្ឌលអនុវិទ្យាល័យដំរីជាន់ខ្លា មណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក មណ្ឌលបឋមសិក្សា ហ៊ុន សែន ត្រពំាងវែង មណ្ឌលវិទ្យាល័យ ស្ទឹងសែន និងមណ្ឌលអនុវិទ្យាល័យ បញ្ញាជី ដែលចែងចេញជា ១៧២បន្ទប់  ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចូលរួមប្រឡង ចំនួន ២.១០៥នាក់ ស្រី ១.១៣២នាក់ និងមានមណ្ឌលប្រឡង ៤មណ្ឌល ចែកចេញជា ៨៦បន្ទប់ បើធៀបទៅនឹងឆ្នាំ២០១៦ បេក្ខជន បេក្ខនារី កើនឡើង ៣៣២នាក់ ស្នើរនឹង ៨,៥០ភាគរយ។

ជាមួយគ្នានេះ ក៏មានអ្នកចូលរួមសង្កេតការណ៍ត្រួតពិនិត្យនៅពេលប្រឡង មានចំនួន ២០៦នាក់ ដែលមកពី ៧ស្ថាប័ន មាន អង្គភាពប្រឆំាងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និស្សិតសកលវិទ្យាល័យភ្នំពេញ និស្សិតសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និស្សិតអាហាររូបករណ៍សម្តេចតេជោ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបុគ្គលឯកជន នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧ ។

នៅថ្ងៃប្រឡងដំបូងនេះ ឯកឧត្តម  សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអថិបតីភាព បើកវិញ្ញសារប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅសាលាវិទ្យាល័យហ៊ុន សែនបល្ល័ង្ក ស្ថិតនៅសង្កាត់​ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំងបានមានប្រសាសន៍ថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ ដែលសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែរឹតបន្តឹង ក្នុងការការប្រឡង ដូចឆ្នាំមុនៗ ហើយពិសេស អាចនឹងតឹងជាងឆ្នាំកន្លងមកទៀតផង ការរឹតបន្តឹងនេះគឺជាភាពត្រឹមត្រូវ នៃគុណភាពនៃការសិក្សានុសិស្សឲ្យមានគុណភាព​ដើម្បីបានសិស្សពូកែ ក្លាយជាអ្នកដឹកនាំសម្រាប់បំរើប្រទេសជាតិទៅថ្ងៃក្រោយ ។

ឯកឧត្តម  សុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យអាជ្ញាធរខេត្តបានរៀបចំការផ្ញើរកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទំាងអស់ មិនឲ្យយកលុយទេ ដោយស្នើសុំកម្លំាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំមកជួយ ហើយខេត្តនឹងឧបត្ថម្ភរាល់ការចំណាយផ្សេងរបស់ក្រុមការងារ និងអំពាវនាវសូមឲ្យម្ចាស់ផ្ទះសំ​ណាក់ សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវតំម្លើងថ្លៃសេវាផ្សេងៗនោះឡើយ ។

ដោយ  ប៊ុន  រដ្ឋា