អួង វឹង 3:
នៅសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ ២០១៧អង្គភាព សាខាពន្ធដារខេត្តកំពត បានរៀបចំធ្វើ អង្គពិធីផ្សព្វផ្សាយ ច្បាប់ បទប្បញ្ញត្តិ និង នីតិវិធីនានា ពាក់ព័ន្ធដល់ការបំពេញកាតព្វកិច្ចសារពើពន្ធ លើវិស័យអចលនទ្រព្យគឺ “ពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់” ។
ក្រោមវត្តមានអធិបតីភាពពីសំណាក់ឯ.ឧស៊ុកសារ៉ាដអភិបាលរងខេត្តខេត្ត ឯ.ឧ ទន់ ចន្ថាសមាជិកក្រុមប្រឹក្សាខេត្ត និងមានសមាជិកចូលរួម ពីមន្ត្រីនៃអាជ្ញាធរដែនដី ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោខេត្តសរុបប្រមាណចំនួន ២០០នាក់។
លោក អ៊ូច គឹមស៊ាន ប្រធានសាខាពន្ធដារខេត្ត បានអោយដឹងថា៖ អង្គពិធីផ្សព្វផ្សាយនាពេលនេះគឺ ផ្ដោតសំខាន់ក្នុងគោលបំណង ជម្រុញអោយមានការយល់ដឹងថ្មីបន្ថែមទៀត ពាក់ព័ន្ធការងារអនុវត្តបទប្បញ្ញតិ និងលិខិតបទដ្ឋាននានា ព្រមទាំងអោយមានការចូលរួមគាំទ្រ និងពង្រឹងកិច្ចសហការអោយបានកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នពាក់ព័ន្ធនានា ដែលជាប្រតិបត្តិករនៅថ្នាក់ក្រោមជាតិរួមមានអាជ្ញាធរដែនដីមូលដ្ឋាន រដ្ឋបាលសុរិយោដីគ្រប់ថ្នាក់ ភាគីពាក់ព័ន្ធផ្សេងៗទៀត។ សំដៅធានាបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធ និងការផ្ដល់សេវាបង់ពន្ធ សេវាសាធារណៈពាក់ព័ន្ធដ៏ទៃទៀត ប្រកបដោយ តម្លាភាព គណនេយ្យភាព និងសង្គតិភាព ជូនប្រជាពលរដ្ឋទូទៅអោយបានកាន់តែប្រសើរឡើងថែមទៀត។
មានប្រសាសន៍ក្នុងអង្គពិធីឯ.ឧ ស៊ុក សារ៉ាដតំណាង ឯកឧត្តម្ភ ចាន់ ចេស្ដាអភិបាលនៃគណៈអភិបាលខេត្ត បានលើកបញ្ជាក់ថា៖កិច្ចការប្រមូលពន្ធនិងបង់ពន្ធលើវិស័យអចលនទ្រព្យជាកាតព្វកិច្ចរបស់ប្រជាជននៅគ្រប់បណ្ដាប្រទេសលើពិភពលោកតែងតែមានទៅតាមទម្រង់ផ្សេងគ្នា។ ដើម្បីជាប្រយោជន៍រួមចំណែក ក្នុងការប្រមូលចំណូលនិងធ្វើអោយមានកំណើនថវិកាជូនជាតិ សម្រាប់ជាមូលដ្ឋាន ក្នុងការធ្វើវិភាជន៍ថវិកា ចរន្ត និងការវិនិយោគនៃការអភិវឌ្ឍន៍ជាតិអោយមានការរីកចម្រើន។ ដូច្នេះអង្គពិធីនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ផ្ដល់ការយល់ដឹងថ្មីបន្ថែមទៀតដល់ អាជ្ញធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនានា ។ ជាពិសេស មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តដើម្បីជម្រុញ អោយមានកិច្ចសហការក្នុងការអនុវត្តការងារនេះអោយបានកាន់តែមានប្រសិទ្ធប្រសើរឡើង។ ក្នុងការបង្កើនការប្រមូលពន្ធជូនរដ្ឋសំដៅ
ឆ្លើយតបតាមផែនការដែលបានគ្រោងទុក និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈក៏ដូចជាយុទសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨របស់រាជរដ្ឋាភិបាល។ ដោយមិនបង្កើតប្រភេទពន្ធថ្មី មិនតម្លើងអត្រាពន្ធ និងយកពន្ធអោយអស់លទ្ធភាពនៃសក្ដានុពលលើវិស័យអចលនទ្រព្យប្រកបដោយ សមធម៌។
តមកអង្គពិធីផ្សព្វផ្សាយ ក៏មានធ្វើបទបង្ហាញដោយមន្ត្រីការិយាល័យច្បាប់នៃអគ្គនាយកដ្ឋានពន្ធដារស្ដីពីបទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនានា អំពីការគ្រប់គ្រងប្រមូលពន្ធលើវិស័យអចលនទ្រព្យនិងផ្ដល់ឱកាសរួមយោបល់ស្វែងយល់ពីអ្នកចូលរួម ផងដែរ។



































