សកម្មភាពមនុស្សធម៌របស់សមាគមចែកអំណោយជូនដល់អតីតយុទ្ធជនជួបការលំបាក

0

កំពង់ធំៈ  ក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលបានមរណៈភាពដោយសារបុព្វហេតុ ការពារ​ជាតិមាតុភូមិ  ត្រូវបានយកចិត្តទុកដាក់ ពីសមាគមអតីតយុទ្ធជនខេត្ត នាំអំណោយមកចែកជូន ក្នុងឳកាសចុះសួរ​សុខទុក្ខ នៅល្ងាចថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០១៧​។

ពីមួយថ្ងៃទីមួយថ្ងៃគេសង្កេតឃើញ ពីសកម្មភាពមនុស្សធម៌ ដែលបានកើតចេញពីសមាគមអតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ដោយពុំមានថ្ងៃឈប់សម្រាក ដោយបានឆ្លៀតឳកាសចុះសិក្សាពីវិធីជីវិតរស់នៅរបស់ អតីតយុទ្ធជន ឲ្យដឹងពីសុខទុក្ខរបស់ក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទីទាល់ក្រ ដើម្បីផ្តល់ នឹងលើកទឹកចិត្ត និងផ្សះផ្សារភាពជិតស្និទ្ធរវាងកងកម្លាំងនិងប្រជាពលរដ្ឋ។

នៅក្នុងឳកាសនៃការចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជនពលី ឈ្មោះ​ សាំង​ យឿន​ អាយុ​៥០ឆ្នំា​ មាន​កូន​ចំនួន​៦​ នាក់​ កូន​ពីរ​នាក់​មាន​គ្រួសារ​ហើយ​ នៅ​សល់​កូន​៤នាក់​ រស់​នៅ​ក្នុងបន្ទុក​  បច្ចុប្បន្ន​រស់​នៅ​ភូមិ​ ឥន្ទកុមា​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​  ត្រូវបានដឹកនាំសហការីដោយ ឯកឧត្តម ឧត្តម​សេនិយ៍​ត្រី សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីម៉ាម៉ា មួយកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​៦០.០០០៛​។

ឯកឧត្តម ឧត្តម​សេនិយ៍​ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍​ថា ក្នុងនាមយើងខ្ញុំជា ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មិនអាចមិនឈឺឆ្អាលចំពោះ​ក្រុម​​គ្រួសារអតីតយុទ្ធជនបានទេ ទុក្ខព្រួយរបស់អតីតយុទ្ធជន គឺទុក្ខរបស់សមាគមអតីតយុទ្ធជន ប្រជា​ពល​រដ្ឋ​ជួបនិងការលំបាក គឺជាទុក្ខព្រួយរបស់អាជ្ញាធរ មានភារកិច្ចមើលថែរ ដោយមិនអោយប្រជាពល​រដ្ឋណាម្នាក់ស្លាប់ដោយសារមិនបានដឹងពីអាជ្ញាធរនោះឡើយ ក្នុងនោះដែរឯកឧត្តម សោម ស៊ុន បាន បញ្ជាក់ថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា និងជាប្រមុខដឹកនាំប្រទេស បានតម្រូវឲ្យអាជ្ញាធរចុះ និងសមាគមអតីតយុទ្ធជន ចុះសួរ​សុខ​ទុក្ខនិងផ្តលសម្ភារៈអំណោយជូនដល់ពលរដ្ឋក្រីក្រ ជួបការលំបាក ជួបមួយគ្រួសារជូនមួយគ្រួសារ ជួប២គ្រួសារគឺជួយ២គ្រួសារ ដោយមិនចាំបាច់រងចាំប្រមូលគ្នានោះឡើយ ដោយសារតែសេចក្តីស្រេច​ឃ្លានមិនបានរងចាំនោះឡើយ។

ដោយ  ប៊ុន  រដ្ឋា