ផ្ទះ​១ខ្នង​រួម​ជាមួយ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ ខណៈ​ដែល​ម្ចាស់​ផ្ទះ​បានដាំបាយ​ ហើយ​មិន​បាន​ពន្លត់​ភ្លើង​ក្នុង​ចង្ក្រាន​ឲ្យ​អស់​ មុន​នឹង​ចាកចេញ​ទៅ​រក​ស្មៅ​គោ

0

កំពង់ចាម:​ លំនៅឋាន​ប្រជាពលរដ្ឋ​១ខ្នង​ រួម​ជាមួយ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ត្រូវ​បាន​អគ្គីភ័យ​លេបត្របាក់​គ្មាន​សល់​ គ្រា​ដែល​ម្ចាស់ផ្ទះបានដាំបាយ ហើយ​មិនបានពន្លត់ភ្លើង​ក្នុង​ចង្ក្រាន​ឲ្យអស់ រួច​បានចាកចេញទៅច្រូតស្មៅគោ។

ហេតុការណ៍នេះបានកើត​មាន​ឡើង​កាល​ពី​វេលាម៉ោង៩នឹង៣០នាទី​ព្រឹក​ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិទី១១ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
អធិការនគរបាលស្រុកកោះសូទិន​ លោក​ប្រេង​ ហ៊ីម​ បានអោយដឹងថា ក្នុងហេតុការណ៍នេះ​ លោកបានញ្ជាឲ្យកងកម្លាំងនគរបាលស្រុក សហការ​ណ៍​ជាមួយកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកតានង់ បានយក​រថយន្ត​ពន្លត់អគ្គីភ័យ ទៅ​ជួយ​អន្តរាគមន៍​ តែដោយភូមិសាស្ត្រនៅតំបន់នោះទឹកលិច​ និងរថយន្ត​មិន​អាច​ចូល​ទៅដល់ ដូច្នេះ​ខាងកម្លាំងប៉ុស្តិ៍ព្រែកតានង់ និងបងប្អូនប្រជាពលរដ្ឋ​ បានយកទឹកជួយពន្លត់ដែរ ប៉ុន្តែដោយសារអំណាចភ្លើងខ្លាំងពេក បានឆាបឆេះផ្ទះនោះ អស់ទាំងស្រុងតែម្តង។
លោកអធិការបាន​បន្ត​ថា ​ជនរងគ្រោះ​ក្នុង​ករណី​អគ្គីភ័យ​នេះ​មាន​ឈ្មោះ​ សឹម​ សាន់​ អាយុ​៦៦ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ស្រេន​ សំ​ អាយុ​៦១ឆ្នាំ​ ដែល​ផ្ទះ​​មានទំហំ០៦x០៩ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ខាង​លើ​ ថ្ម​ក្រោម​ ប្រក់ក្បឿង​ ត្រូវ​ឆេះអស់ទាំងស្រុង តែមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។​
លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​នេះ​ គឺ​ដោយ​ម្ចាស់​ផ្ទះ​បានដាំបាយ​ ហើយ​មិន​បាន​ពន្លត់​ភ្លើង​ក្នុង​ចង្ក្រាន​ឲ្យ​អស់​ មុន​នឹង​ចាកចេញ​ទៅរកស្មៅ​ឲ្យ​គោស៊ី​ ទើប​បណ្តាលឲ្យ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ទាំង​ស្រុង​ និង​បាត់បង់​ទ្រព្យ​សម្បត្តិ​រួម​មាន​ មាសចំនួន៣តំឡឹង តែ​រកឃើញ​វិញ​១តំឡឹង ប្រាក់​ដុល្លារចំនួន​៣៥០០$​ ប្រាក់រៀល០៤លានរៀល​ មងចំនួន៥០០ដៃផងដែរ ៕