តាកែវ ៖ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានជួបសំណេះសំណាលជាមួយប្រធានអនុប្រធាននិងមន្ត្រីនៃមន្ទីរអប់រំខេត្តតាកែវក្រោយពួកគាត់បានបំពេញការងារប្រឡងសញ្ញាបត្រមធ្យបសិក្សាទុតិយភូមិទទួលបានជោគជ័យ។
ថ្លែងក្នុងឱកាសនោះដែរលោកអភិបាលខេត្តបានជំរុញដល់ប្រធានមន្ទីរអប់រំពេលចាប់ផ្តើមបវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះត្រូវធ្វើការពង្រឹងម៉ោងបង្រៀនបន្ថែមទៀតដល់លោកគ្រូអ្នកគ្រូ ដើម្បីឲ្យគុណភាពសិក្សាសិស្សានុសិស្សនៅក្នុងខេត្តតាកែវកាន់តែល្អថែមទៀត និងត្រូវចុះធ្វើអធិការកិច្ចនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅគ្រប់សាលាទាំងអស់ទូទាំងខេត្ត។ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរត្រូវធ្វើយ៉ាងណាដឹកនាំអ្នកក្រោមឱវាទឲ្យមានសាមគ្គីភាពផ្ទៃក្នុងជាចំបង ហើយត្រូវចាត់ទុកមន្ត្រីក្រោមឱវាទទាំងអស់ដូចជាក្រុមគ្រួសាររបស់ខ្លួន និងយកចិត្តទុកដាក់ជួយដល់មន្ត្រីខ្លួនដែលជួបប្រទះបញ្ហាជីវភាពឬក៏មានជំងឺជាដើម។
ចុងក្រោយនៃកិច្ចជួបសំណេះសំណាលនោះដែរលោកអភិបាលក៏បានសន្យាជួយឧបត្ថម្ភដល់មន្ត្រីអប់រំណាដែលមានបំណងចង់បន្តការសិក្សា ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
សូមបញ្ជាក់ថា កាអញ្ជើញចូលរួមសំណេះសំណាលជាមួយប្រធាន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបពីសំណាក់លោកអភិបាលខេត្តតាកែវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាបាន៤ថ្ងៃ៕ (វីរៈ)




































