កំពង់ធំ÷ យុវជនម្នាក់បើកបរម៉ូតូមិនប្រយ័ត្ន ក៏ជ្រុលចង្កូតបើកបុកចំពីក្រោយកាឡេថង នៅតាមផ្លូវជាតិលេខ71 ស្ថិតក្នុងភូមិត្រស់ ឃុំបល្លង្ក ស្រុកបារាយណ៍ បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូខណៈពេលបញ្ចូនដល់ពេទ្យនៅម៉ោង ០៧និង ៣០នាទីថ្ងៃទី២៧ខែសីហា ២០១៧។
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ នេះក្នុងពេលធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត អ្នកបើកបរម៉ូតូឈ្មោះ សាញ់ ស៊ុយ ប្រុស អាយុ29ឆ្នាំរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ បានបើកបរ ម៉ូតូC 125 (015)ខ្មៅគ្មានផ្លាកលេខ (មិនពាក់មួក)ស្លាប់នៅមន្ទីរពេទ្យ បង្អែកបារាយណ៍-សន្ទុក ។
រីឯកម្ចាស់ដែលជាអ្នកបើកបរគោយន្តកន្ត្រៃ ម៉ាកគូប៊ូតា ពណ៌ក្រហមដឹកចំនៀឈើ ឈ្មោះ ឃឿន ទឺម ប្រុសអាយុ 23ឆ្នាំរស់នៅភូមិយាយទៀង ឃុំបល្លង្ក ស្រុកបារាយណ៍ ក្រោយពីមានហេតុការណ៍កើតឡើង បង្ករឲ្យមានមនុស្សស្លាប់ បានបើកគេចខ្លួន ហើយយកគោយន្តកន្ត្រៃទៅលាក់ទុកនៅផ្ទះសាច់ញាតិ ដោយមានការចូលរួមឃុបឃិតលាក់វត្ថុតាង ក្រោយមកសមត្ថកិច្ចបាន ឃាត់ខ្លួននាំមក សួរនាំ រីឯវត្ថុតាងម៉ូតូមួយគ្រឿង និង គោយន្តកន្ត្រៃនិងនិងបញ្ចូនមកអធិការដ្ឋានតាមក្រោយរក្សាទុកនៅអធិការដ្ឋាន។
ការសង្កេតឃើញផ្ទាល់ ស្រុកបារាយណ៍ គឺជាស្រុកមួយដែលជាប់លំដាប់ថ្នាក់លេខ ១ នៅក្នុងខេត្តកំពង់ធំ សំបូរទៅដោយករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងខាតបង់សម្ភារៈជាច្រើន ដែលករណីគ្រោះថ្នាក់នេះ បានកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសគឺករណីម៉ូតូ រថយន្ត បុកជាមួយគោយន្តកន្រ្តៃ ដោយសមត្ថកិច្ចអនុញ្ញាតិឲ្យបើកបរលើកំណាត់ផ្លូវសាធារណៈ ដោយពុំមានបច្ចេកទេសត្រឹមត្រូវ បណ្តាលឲ្យបុកស្លាប់ៗ។
ដោយ ប៊ុន រដ្ឋា




































