អភិបាលខេត្តកំពង់ធំ ប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ជាមួយអនុរដ្ឋលេខាធិកាក្រសួងកសិកម្ម

0

ខេត្តកំពង់ធំៈ  ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទំាងមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំខេត្ត និងប្រតិភូអមដំណើរផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម កៅ ផល បានពាំនាំនូវខ្លឹមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេសពាក់ព័ន្ធករណីថ្លៃសាច់ជ្រូក និងសាច់គោ ទៅលើការធ្វើអាជីវកម្មសត្តឃាតដ្ឋានទំាងពីរប្រភេទ តាមក្រុងស្រុក នីមួយៗ ត្រូវគិតគូរអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាសំខាន់ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺត្រូវគោរពតាមគោលការណ៍បច្ចេកទេស អំពីសុខភាព និងអនាម័យសត្តឲ្យបានត្រឹមត្រូវ មុននឹងយកសាច់ទៅលក់នៅលើទីផ្សារ ។ ឯកឧត្តម បន្ថែមទៀតថា យោងតាមសារាចរលិខិត លេខ ៦២៩៥ សហវ.គសហ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដើម្បីសម្រួលការដឹកជញ្ជូនសត្វរស់ និងសាច់សត្វដែលមានគុណភាព យើងត្រូវធ្វើការលុបបំបាត់ ការត្រួតពិនិត្យអនាម័យ និងសុខភាពសត្វរស់នៅកណ្តាលទី ធ្វើឲ្យពិបាកក្នុងការផ្គត់ផ្គង់សាច់ទៅកន្លែងដែលមានកង្វះខាតជាដើម។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាល បានលុបបំបាត់សិទ្ធិផ្តាច់មុខ លើការនាំចូលត្រី ដោយបើកឱកាសឲ្យមានការប្រកួតប្រជែងពេញលេញដល់ក្រុមហ៊ុននាំចូលត្រី ទំាងក្រុមហ៊ុនថ្មី ចាស់ តូច ឬ ធំ ជាដើម នៅតាមច្រកព្រំដែន ព្រមទំាងលុបបំបាត់ការលក់អាជ្ញាប័ណ្ណបន្ត ដើម្បីធានាក្រុមហ៊ុនទំាងអស់ ដែលមានបំណងធ្វើអាជីវកម្មមានលទ្ធភាពនាំចូលត្រី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។

បន្ទាប់មក ឯកឧត្តម សុខ លូ មានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់លើបញ្ហានេះ កន្លងមកយើងបានជួបការលំបាកយូរមកហើយលើបញ្ហានេះ ដូច្នេះសូមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវយកចិត្តទុកដាក់ និងពង្រឹងត្រួតពិនិត្យសុខភាព និងអនាម័យសត្វនៅគ្រប់ទីកន្លែងសត្តឃាតដ្ឋានទំាងអស់ ជាពិសេសត្រូវជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានចិញ្ចឹមសត្វជ្រូក គោ ក្រីបី ជាដើម ដើម្បីជួយរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ និងទាញយកផលប្រយោជន៍ពីលាមកសត្វ ដោយបង្កើតជាឡជីវឧស្ម័ន ដើម្បីផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ហើយកាកសំណល់ឡជីវឧស្ម័ន អាចយកទៅធ្វើជីសិរីរាង យកទៅប្រើប្រាស់លើដំណាំកសិកម្ម  កាត់បន្ថយការប្រើប្រាស់ជីគីមី បានមួយកម្រិតទៀតផង។

ដោយ  ប៊ុន  រដ្ឋា