រថយន្តកូរ៉រ បើកបុកស្ដ្រីម្នាក់ជាកងយោធពលខេមរភូមិន្ទ911 បណ្ដាលឲ្យស្លាប់នៅក្បែរវត្តស្លែង

0

ជីម ភារ៉ា:
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តកូរ៉េមិនចាំស្លាកលេខបើកបុកម៉ូតូហង់ដាឌ្រីម០១៣ពីក្រោយ បណ្ដាលឲ្យស្ដ្រីម្នាក់ជាកងយោធពលខេមរភូមិន្ទ911 ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធម៌​ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី​ថ្ងៃត្រង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិត​នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខអាហារ​ដ្ឋានវត្តស្លែង ភូមិស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្រ្តីដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ជុំ សាវុន អាយុ៤៨ឆ្នាំ តាមអត្តសញ្ញាប័ណការងារ ជាកងយោធពលខេមរភូមិន្ទ911 មានទីលំនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត និងមានស្រុកកំណើតនៅភូមិល្វា ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8541 ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនកើតហេតុ គេសង្កេតឃើញស្រ្តីរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើតាមបណហដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំស្លាកលេខ គ្រាន់តែដឹងថា ជារថយន្តកូរ៉េដឹកឥដ្ឋ បើកបរយ៉ាងលឿនពីត្បូងទៅជើងស្របទិសគ្នា ហើយក៏បុកម៉ូតូពីក្រោយ ធ្វើឲ្យម៉ូតូដួល ហើយស្ត្រីរងគ្រោះខ្ទៀតចូលកង់រថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។ ក្រោយពីកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចទៅបាត់ បន្សល់ទុកតែសាកសព និងម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងជាមួយអង្គភាព កងពល៩១១ និងដឹកសពយកតំកល់នៅមណ្ឌលសុខភាពពងទឹក រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក រងចាំប្រគល់ឲ្យក្រុមគ្រួសារតាមក្រោយ ៕