តាកែវ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការបានមានប្រសាសន៍ថា ក្នុងចំណោមប្រទេសជាង២០០នៅលើពិភពលោក ប្រទេសកម្ពុជាបានស្ថិតនៅលំដាប់លេខរៀងទី១៤២ ក្នុងរបាយការណ៍ការវាយតម្លៃពីសមត្ថភាពនិងការអភិវឌ្ឍន៍មនុស្ស ។
ថ្លែងនៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ ដែលរៀបចំធ្វើឡើងនៅក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣០ ខៃសីហា ឆ្នាំ២០១៧ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងចំណោមនៃការវាយតម្លៃពីសមត្ថភាពនិងការអភិវឌ្ឍន៍មនុស្ស គឺឃើញថា ប្រទេសកម្ពុជានៅមានកម្រិតនៃធនធានមនុស្សដែលតម្រូវឲ្យមានការបណ្តុះបណ្តាលបន្ថែមទៀត ព្រោះការវាយតម្លៃនេះគឺយើងត្រូវទាមទារឲ្យមានកត្តា៣សំខាន់ គឺកត្តាអប់រំចំណេះដឹងរបស់មនុស្ស កត្តាសុខាភិបាលដោយផ្តោតលើសុខភាពរបស់មនុស្សល្អរឹងមាំ និងកត្តាប៉ិនប្រសប់នៃការរកចំណូលរបស់មនុស្សម្នាក់ៗ ។
លោកទេសរដ្ឋមន្រ្តីបន្តថា បញ្ហាកំណើនប្រជាជននេះវាជាមធ្យោបាយផង និងជាទិសដៅចុងក្រោយផង បានន័យថា ប្រជាជនរបស់យើងធ្វើយ៉ាងណាឲ្យទៅជាធនធានមនុស្សពិតប្រាកដ ព្រោះបើយើងមានតែមនុស្សប៉ុន្តែមិនមែនជាធនធានមនុស្សនោះ វាជាបញ្ហាធ្ងន់ធ្ងរសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះការអភិវឌ្ឍន៍នេះ គឺដើម្បីដោះស្រាយបញ្ហាលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ហើយការដោះស្រាយបញ្ហាភាពក្រីក្រនេះ ចាំបាចយើងត្រូវមានកត្តាពីរជាសំខាន់ កត្តាទី១ការរីកចម្រើនខាងសេដ្ឋកិច្ច និងកត្តាទី២គឺកំណើនប្រជាជន ប៉ុន្តែបើកំណើនសេដ្ឋកិច្ចដើរក្រោយ ឬដើរយឺតជាង
កំណើនប្រជាជន នោះបញ្ហាភាពក្រីក្រនិងមិនអាចដោះស្រាយបានទេ ។ បច្ចុប្បន្នគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រមុខដឹកនាំ គឺលោកចង់កាត់បន្ថយភាពក្រីក្រ កាត់បន្ថយភាពវេទនា និងការលំបាករបស់ប្រជាពលរដ្ឋ ។
បើតាមលោកទេសរដ្ឋមន្រ្តី ឆាយ ថន ការកាត់បន្ថយភាពក្រីក្រនេះ គឺត្រូវគិតអំពីចំណូលរបស់មនុស្សម្នាក់ៗ បើកាលណាចំណូមសម្រាប់មនុស្សម្នាក់ៗទាប នោះការកាត់បន្ថយភាពក្រីក្រគឺមិនអាចធ្វើទៅបានទេ ប៉ុន្តែកម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់អត្រា៧ភាគរយ ហើយកំណើនសេដ្ឋកិច្ចនេះវាពិតជារួមចំណែកបានច្រើន និងជាមធ្យោបាយ ក្នុងការកាត់បន្ថយភាពក្រីក្រឲ្យប្រជាពលរដ្ឋ៕



































