ដំណើរទស្សនៈកិច្ច និងសន្និបាតបូកសរុបការងាររុករកអាដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

0

កំពង់ធំៈ សន្និបាតបូកសរុបលទ្ធផលការងារជីករុករកអាដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅកម្ពុជា  ក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ ជំហ៊ានទី១៦ ក្នុងរយៈពេល២ថ្ងៃ ៣០,៣១ខែសីហា ឆ្នាំ ២០១៧ ដឹកនាំដោយប្រតិភូយោធា ដោយ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ​ប្រធាន​គណៈកម្មការ​ជំនាញ​ជីកគាស់រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងឯកឧត្តម ឧត្តមសេនី​យ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ .។

ពិធីប្រជុំជា​មួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តបិញភឿក មានការចូលរួមពី លោក ឧត្តមសេនីយ៍​ត្រី ​គ្វៀនចៀន អនុប្រធានស្នងការនយោបាយយោធភូមិភាគទី៧ និង លោកង្វៀន ទៀងយ៉ុង អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្តបិញភឿក  នៃសាធារណៈរដ្ឋសង្គមនិយមប្រជាជនវៀតណាម ត្រូវបានបញ្ចប់ដោយជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ខែសីហា​ ឆ្នាំ​២០១៧​ នៅសាលប្រជុំគណបញ្ជាការយោធាខេត្ត​ប៊ិញភឿក។

ឯកឧត្តម ឧត្តមសេនី​យ៍ត្រី សោម ស៊ុន បានលើកឡើងពីចំនុចខ្លាំង និងចំនុចខ្សោយ ដែលបានជួបបញ្ហា​នាពេលនេះ ក្នុងការងារជីករុករកអដិ្ឋធាតុរបស់កម្លាំងK70  – K 72 យោធាខេត្តបិញភឿក  ដើម្បីជីករុករក​អដិ្ឋធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុង​សម័យ​សង្រ្គាម នៅភូមិសាស្រ្តទឹកដីខេត្តកំពង់ធំ​ ក្នុងបុព្វហេតុវាយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពី របបប្រល័យពូជសាសន៍​ បនក្បត់ប៉ុលពត​ អៀង​ សារី​ ខៀវ​សំផន​ នៅលើទឹកដីកម្ពុជា ក្នុងដំណាក់កាលទី១៦ រដូវប្រាំង ឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ សរុបអដិ្ឋធាតុដែលជីកបាន នៅលើទឹកដីខេត្តកំពង់ធំ​ មក​ដល់​ពេលនេះ​មានចំនួន ១,០៣៦​ អដ្ឋិធាតុរួចហើយ និងបានដាក់ការ​សណ្ឋានថា ចំនួន​អដិ្ឋធាតុ​នៅក្នុងខេត្តកំពង់ធំ  មិនទាន់ជីករុករកអស់នៅឡើយទេ ដោយសារតែ ជួបនូវបញ្ហា ប្រជាពលរដ្ឋដែលស្គាល់​កន្លែងជីកអដិ្ឋធាតុ មានភាពចាស់ជរា ភ្លេចភ្លាំងស្មារតី ឬស្លាប់ ទីតាំងមួយចំនួនត្រូវបាន​អភិវឌ្ឍន៍ ទើបជាផល​លំបាក​ដល់ការុករកអដ្ឋិធាតុ ។

នៅក្នុងឳកាសនៃពិធីសន្និបាទ ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ គ្រោងនឹងបើកសន្និបាទនៅ ក្នុងខេត្តកំពង់ធំ ដោយមានការអញ្ជើញ មេឃុំ មេភូមិ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល កងកម្លាំង និងប្រជាពល​រដ្ឋ ដើម្បី​សុំកិច្ចសហការជីករុករកអដិធាតុបន្ត ដែលសណ្ឋានថា​នៅមានសេសសល់​ក្នុងភូមិសាស្រ្ត​ខេត្តកំពង់ធំ រួមទាំងបានធ្វើប័ណ្ណសរសើរដល់ពួកគាត់ ដើម្បីលើកទឹកចិត្ត ដែលបានផ្តល់កិច្ច​សហការ​ជីករុករកអដ្ឋិធាតុ នៅក្នុងឳកាស​ចុងក្រោយនៃពិធី ឯកឧត្តម គង់ វិមាន និងឯកឧត្តម សោម ស៊ុន បានផ្តល់នូវភាពជឿជាក់ រួមទាំងបានផ្តល់ការដូរគ្នាទៅវិញទីមកផងដែរ។

ដោយ  ប៊ុន  រដ្ឋា