ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី ថ្លែងនូវក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានជំរុញមន្ត្រីនគរបាលទាំងអស់ មិនត្រូវពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ គ្រឿងញៀន ឬបទល្មើសផ្សេងៗឡើយ ដែលនាំឲ្យបាត់បង់តម្លៃ និងវិន័យក្នុងនាមជាមន្ត្រីនគរបាល ។
លោកបន្តថា កន្លងមកមានករណីមន្ត្រីនគរបាលខិលខូចមួយចំនួន បានធ្វើសកម្មភាពប្រប្រឹត្តបទល្មើសខុសច្បាប់ ប្រសិនបើមានករណីនេះ ស្នើឲ្យអង្គភាពជំនាញអនុវត្តទៅតាមវិធានការច្បាប់។ លោក ថង សាវុន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្ក
លក្ខណៈល្អប្រសើរដល់ដំណើរការអភិវឌ្ឍន៍គ្រប់វិស័យ និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ ជាពិសេសបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យុត្តិធម៌ ត្រឹមត្រូវតាមច្បាប់បោះឆ្នោតទទួលបានជោគជ័យ ។
លោកបានស្នើសុំឲ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងតាមដានសភាពការណ៍ និងដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព គោរពវិន័យផ្ទៃក្នុង និងគោរពឋានានុក្រមស័ក្តិឲ្យបានល្អប្រសើរ បន្តរួមគ្នាថែរក្សា ការពារស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរឡើងថែមទៀត បន្តខិតខំលើកកម្ពស់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយ និងការធ្វើវេទិកាសាធារណៈ ស្តីពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងខិតខំបម្រើប្រជាពលរដ្ឋប្រលកបដោយភាពស្មោះត្រង់៕ដោយ: យក្ខឡោម



































