កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បន្ទាប់ពីបានវិលត្រឡប់មកពីប៉េសកម្មក្នុងពិធីសន្និបាទបូកសរុប ជីករុករកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងខេត្តបិញភឿករួចមក ក៏មិនបានទុកពេលវេលាឲ្យដើរកន្លងផុតទៅដោយឯងៗនោះទេ គឺបានឆ្លៀតឳកាសដឹកនាំសហការី
អាជ្ញាធរ ស្រុកប្រាសាទបាល័ង្ល មកប្រគល់ផ្ទះមួយខ្នងដែលជាអំណោយខ្នងផ្ទះលើកទី៤៣ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីមអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត។
ខ្នងផ្ទះលើកទី ៤៣ ត្រូវបានប្រគល់ជូន អតីតយុទ្ធជន លោកព្រិន្ទបាលឯកស្ងួន សម្បត្តិ អាយុ៤៥ឆ្នំា អតីតនៅអង្គភាពផ្នែកសឹករងប្រាសាទបល្ល័ង្គ ភរិយាឈ្មោះ ឃាន អ៊ិន អាយុ៤៣ឆ្នំា មានកូននៅក្នុងបន្ទុកចំនួន ៨ នាក់បច្ចុប្បន្នជាប្រធានភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត អមដំណើរដោយ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងសហការី ។
អតីតយុទ្ឋជនឈ្មោះ ស្ងួន សម្បត្តិ ត្រូវបានទទួលផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះទី៤៣ សម្រាប់ នៃកាសាងសង់ផ្ទះជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ ត្រូវចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៦.៧៥០.០០០ ៛ ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះ ក្រុមការងារបានពាំនាំនូវអំណោយឧបត្ថម្ភជូនអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន២៥០.០០០៛ និងថ្នាំពេទ្យមួយចំនួន។
លោកស្ងួនសម្បត្តិ និងក្រុមគ្រួសារ មុននេះរស់នៅក្នុងខ្ទមសម្រាប់ចិញ្ចឹមជ្រូក ចំនួនពីរគ្រួសាររស់នៅរួម គ្នា តែពេលនេះគាត់បានផ្ទះថ្មីស្រឡាង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន គាត់បានត្រេតអរ រួមជាមួយប្រជាពលរដ្ឋ មានសេចក្ដីរំភើបក្នុងចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន និងសូមគោរពថ្លែងអំណរគុណ និងគោរពជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ឋបណ្ឌឹត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមបានជួបប្រទះតែនិងពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខះ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា




































