ទៅរកស៊ីនៅស្រុកថៃជាងដប់ឆ្នាំពេលចូលស្រុកវិញចងកធ្វើអត្តឃាតដោយគ្មានមូលហេតុ

0

តាកែវ ៖ បុរសរងគ្រោះម្នាក់ដែលគេស្គាល់ថាបានទៅរកស៊ីនៅស្រុកថៃជាង១០ឆ្នាំមកហើយនោះ បានចងកសម្លាប់ខ្លួនដោយគ្មានមូលហេតុក្រោយវិលចូលមកស្រុកកំណើតវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ចន្លោះម៉ោង១៤ទៅម៉ោង១៧នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះដែលដាច់ចិត្តចងកសម្លាប់ខ្លួនដោយ គ្មានមូលហេតុខាងលើនេះមានឈ្មោះ សឿន ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកណើតនៅភូមិឃុំខាងលើ មុខរបររកស៊ីនៅប្រទេសថៃ។ តាមអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះបានចងកសម្លាប់ខ្លួនដោយខ្សែគោនៅលើដើមព្រីងខាងក្រោយផ្ទះឪពុករបស់ខ្លួនចម្ងាយប្រហែល១០០ម៉ែត្រ។ ពួកគាត់បន្ថែមថា ជាង១០ឆ្នាំមកហើយជនរងគ្រោះបានលែងលះប្រពន្ធនិងបានចេញទៅរកស៊ីនៅប្រទេសថៃមិនដែលមកផ្ទះទេទើបតែថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូមកចូលក្នុងភូមិហើយមិនចូលផ្ទះឪពុកម្តាយនោះទេ។ ក្រុមអ្នកភូមិសង្ស័យថា មូលហេតុនៃការធ្វើអត្តឃាតនេះ ប្រហែលជាជនរងគ្រោះមានវិបត្តិផ្លូវចិត្តមិនអាចដោះស្រាយបាន។
ក្រោយកើតហេតុកម្លាំងជំនាញស្រុកនៃអធិការស្រុកទ្រាំងបានចុះធ្វើការស្រាវជ្រាវដោយមានការចូលរួមពីលោកគ្រូពេទ្យធ្វើការពិនិត្យសពផងដែររហូតជំនាញសន្និដ្ឋានបានថា ជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕ (វីរៈ)