មន្រ្តី២រូប ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងស្វាយរៀង

0

ខេត្តស្វាយរៀង÷លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោកស្រី រាជ ស៊ាន និងលោកឆឹងឆាយជាអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀង ជំនួសលោកស្រី សូ ថាវី និងលោក ឈីវ សារ៉នដែលត្រូវផ្ទេរភារកិច្ចថ្មីជាអភិបាលរងស្រុកស្វាយទាបនិងស្រុកចន្ទ្រាស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ។ ពិធីនេះរៀបចំនៅសាលប្រជុំសាលាក្រុងស្វាយរៀងនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ប្រធានការិយាល័យ និងមន្ត្រីរាជការចំណុះសាលាក្រុងទាំងអស់ ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងក្រុងស្វាយរៀង លោក លោកស្រីអភិបាលរងក្រុងដែលបានផ្ទេរចេញ និងលោក លោកស្រី ដែលត្រូវប្រកាសចូលកាន់តំណែងនៅថ្ងៃនេះ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលក្រុង ក៏ដូចជាគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យក្រុង ស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដែនសមត្ថកិច្ចក្រុង ស្រុកនីមួយៗ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបន្តថាចំពោះការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺអាណត្តិការងារដែលមានចែងក្នុងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។លោកក៏បានផ្ដាំផ្ញើដល់លោកលោកស្រីដែលត្រូវប្រកាសតែងតាំងថ្មី-ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ-ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
មិនតែប់ុណ្ណោះត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងក្រុង ជាពិសេសនៅខាងក្នុង និងជុំវិញផ្សារវាយយន្ត នៅតាមដងផ្លូវ និងសួនច្បារសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតនិងត្រូវក្តាប់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមអភិក្រមទាំង៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាពផងដែរ ៕