តាកែវ៖ តៃកុងរថយន្តវ័យក្មេងម្នាក់បើកបរមិនប្រយ័ត្នរេចង្កូតទៅប៉ះម៉ូតូ២គ្រឿងបន្តបន្ទាប់បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩និង២០ នាទី នៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមសមត្ថកិច្ចស្រុកត្រាំកក់ បានឲ្យដឹងថា រថយន្តបង្ករហេតុខាងលើម៉ាក សាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AD-9341 បើកបរដោយឈ្មោះ ម៉ុន ស៊ុនហៀ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស រស់នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ រថយន្តខាងលើនេះ បើកបរមកពីទិសខាងលិចទៅកើត លុះដល់ចំណុចកើតហេតុបានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-9438 ដែលបើកបរបញ្ច្រាសទិសគ្នា ដោយស្ត្រីម្នាកមិនស្គាល់ទាន់អត្តសញ្ញាណ គឹតត្រឹមម៉ោង១៧និង៣០នាទីនេះ អាយុប្រហែល៤០ឆ្នាំ និងបានស្លាប់នៅ ពេលបញ្ជូនទៅដល់មន្ទីពេទ្យខេត្តតាកែវ។ រួចរថយន្តនោះក៏បានរ៉េចង្កូតទៅកៀម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ២០១៧ ពាក់ស្លាកលេខកំពត់ 1K 7333 បើកបរដោយឈ្មោះ យៀល ចាន់ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិរវាង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពតបណ្តាលឲ្យរង របួសស្រាល ។
ក្រោយពេលកើតហេតុរថយន្តបង្ករព្យាយាមបើករត់គេចតែត្រូវបានកម្លាំងសមត្ថកិច្ចដេញស្ទាក់ចាប់តែរថយន្ត រីឯអ្នកបើកបររត់គេច ខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្វែងរកសាច់ញាត្តិសពស្ត្រីរងគ្រោះខាងលើដើម្បីមកទទួលយកទៅធ្វើបុណ្យ ចំណែករថយន្តបង្ករ និងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅអធិរដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕( វីរៈ)



































