តាកែវ៖ ក្មេងស្រីតូចម្នាក់អាយុជាង២ខួបបានលង់ទឹកត្រពាំងក្បែរផ្ទះស្លាប់គួរឲ្យសង្វេកខណៈដែលក្មេងស្រីរងគ្រោះដើរតេះតះទៅតាមជីដូនដែលព្រោះស្រូវ។
ហេតុការណ៍ក្មេងស្រីលង់ទឹកត្រពាំងស្លាប់នេះបានកើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ចន្លោះម៉ោង១២និង៣០ទៅម៉ោង១២និង៤០នាទី ស្ថិតនៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
បើតាមសមត្ថកិច្ចស្រុកទ្រាំងបានឲ្យដឹងថា កុមារីរងគ្រោះខាងលើមានឈ្មោះ ចន្ទ័ បូរី អាយុ ២៩ខែ រស់នៅជាមួយជីដូនឈ្មោះ មិន មិត្ត អាយុ៦០ឆ្នាំ ចំណែកឪពុកម្តាយបានចេញទៅរកស៊ីនៅប្រទេសថៃ។ ក្នុងហេតុការណ៍នេះដែរ ជីដូនក្មេងស្រីរងគ្រោះបានរៀបរាបទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបគាត់បានចេញទៅព្រោះស្រូវ នៅក្បែរផ្ទះដោយពុំដឹងថាចៅស្រីគាត់ដើរទៅតាមក្រោយនោះទេ។ លុះពេលបាត់ចៅនិងបានដើររកគឺហួសពេលទៅហើយដោយចៅគាត់បានធ្លាក់ទឹកត្រពាំងខាងក្រោយផ្ទះស្លាប់ដោយមិនអាចជួយសង្គ្រោះបាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវនិងបានសន្និដ្ឋានថា កុមារីរងគ្រោះពិតជាស្លាប់ដោយការលង់ទឹកប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ (វីរៈ)



































