រដ្ឋមន្ត្រីក្រសួងទេសចរណ៏បានអញ្ជើញទៅពិនិត្យមើលចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាបដើមី្បសម្រួលកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៏បានអញ្ជើញទៅពិនិត្យមើលចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប (ថាតើត្រឹមត្រូវតាមស្តងដារហើយឬនៅ) ដើមី្បសម្រួល ការកាត់បន្ថយនៅការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ និងធើ្វឲ្យក្រុងសៀមរាបមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ព្រមទាំងមានសោភណ្ឌភាពស្រស់ត្រកាល សមស្របជាទីក្រុងស្អាតទទួលបានផ្ការំដួលបីទង ជាទីក្រុងគោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្តផងនោះ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកឧកញ៉ា ទូច សៀ បានវិនិយោគចំណតរថយន្តគ្រប់ប្រភេទនៅប៉ែកខាងលិចក្រុងសៀមរាប ដោយចំណាយអស់ថវិកាសរុប ១លាន ៣៣៤ពាន់ ៣៩៩, ៩៩ដុល្លា នឹងស្ថានីយ៍ប្រេងឥន្ធនះ មួយកន្លែង ក្នុងទឹកប្រាក់ ១៥ម៉ឺនដុល្លា ត្រូវបានបើក សម្ពោធដាក់ឲ្យដំណើរជាផ្លូវការ នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧ កន្លងមកនោះ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ បានគូសបញ្ជាក់ថា នេះជាមូលដ្ឋានសំខាន់សម្រាប់វាយតម្លៃឲ្យឃើញពីការរីកចម្រើនថ្មីៗថែមទៀត នៅខេត្តសៀមរាបយើង ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ ដែលមានប្រភពពីការចូលរួមចាំបាច់ពីវិស័យឯកជន។ យើងសង្កេតឃើញថា ចំណត់យន្តប៉ែកខាងលិចក្រុងសៀមរាបគឺធ្វើទៅតាមលក្ខណ: ដែលអាចទទួលយកបាន។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចតេ ជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានពុះពារជំនះលើឧបសគ្គធំៗ ដឹកនាំជោគវាសនាកម្ពុជា ឈានទៅសម្រេចបានសមិទ្ធផលដ៏ធំធេង និង ជោគជ័យដ៏ត្រចះត្រចង់ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រយៈពេលប្រមាណ ៣ទស្សវត្សចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រកបដោយចីរភាពសម្រេចបានជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ បើទោះបីជាកម្ពុជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា និងហានិភ័យជាច្រើនទាំងក្នុង និង ក្រៅប្រទេសក្តី។ ការវិនិយោគផ្ទាល់ពីបរទេសបន្តមានសកម្មភាពខ្លាំងក្លាដោយសារកត្តាអំណោយផលក្នុងប្រទេសពីប្រទេសជាដៃគូសំខាន់ៗ ហើយប្រការទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើនលើសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការជឿជាក់លើ សមត្ថភាព របស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ។ តាមរយៈការវិនិយោគនេះ ឯកឧត្តម ថោង ខុន សង្ឃឹមជឿជាក់ថា នឹងមានការចូលរួមប្រកួតប្រជែងតម្លៃនៅលើទីផ្សារប្រកបដោយសមធម៌ និង ផ្តល់នូវសេវាកម្មជាច្រើនទៀតដែលមានគុណភាព និង សីលធម៌ ទៅតាមសំណូមពររបស់អ្នកប្រើប្រាស់ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត ។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះលោកឧកញ៉ា ទូច សៀ ដែលបានវិនិយោគចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប និង សូមឲ្យដំណើរការអាជីវកម្ម មានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនឡើងទៅពេលអនាគត៕ដោយ គឿន វេត