លោក ព្រឹម រដ្ឋាអតីតអភិបាលស្រុកស្ទោង ត្រូវបានផ្ទេរភារកិច្ចមកបំរើការនៅសាលាខេត្ត និងត្រូវបានប្រកាសតែងតាំងលោក ណែត សារី ជាអភិបាលស្រុកស្ទោង

0

កំពង់ធំៈ លោក ណែត សារី អតីតជាអភិបាលរងស្រុកប្រាសាទសំបូរ ត្រូវបានប្រកាស់និងផ្ទេរភារកិច្ចមក ជាអភិបាលស្រុកស្ទោង ជំនួសលោក ព្រឹម រដ្ឋា ដែលត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់ ផ្ទេរមកធ្វើការ ក្នុងតួនាទីមួយក្នុងសាលាខេត្តកំពង់ធំ ដែលពិធីនេះ ត្រូវបានប្រកាសនៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៧។

ពីធីប្រកាសលោក ណែត សារី ជាអភិបាលស្រុកស្ទោងថ្មី ត្រូវបានធ្វើឡើងនៅក្នុង​បរិវេណសាលាស្រុក​ស្ទោង ដោយមានការចូលរួមជាអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងប្រធាន អនុប្រធាន មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ចូល​រួមយ៉ាងអធឹកអធ័ម ។

នៅក្នុងពិធី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ធ្វើការ ងារបំរើប្រជាពលរដ្ឋ របស់លោក ព្រឹម រដ្ឋា ដែលជាអភិបាលស្រុកស្ទោង ធ្វើឲ្យប្រជាពលរដ្ឋ គោរព​ស្រឡាញ់ តែការផ្ទេរភារកិច្ចមកកាន់តួនាទីកន្លែងថ្មី គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងជា​ច្បាប់តម្រូវឲ្យមានការផ្លាស់ប្តូរជារឿងធម្មតារបស់មន្រ្តីរាជការ ដើម្បីស្វែងយល់ពីបទពិសោធន៍ការងារ ម្យ៉ាងវិញទៀតដោយយល់ឃើញពីសមត្ថភាព ក្នុងការទទួលតួនាទីភារកិច្ចថ្មី ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម ឲ្យទទួលបានប្រសិទ្ធិភាពល្អប្រសើរ។

ចំណែក  លោក ណែត សារី ជាអភិបាលស្រុកស្ទោងថ្មី​ គឺជាបុគ្គលមានសមត្ថភាពមួយ ដែលមានការ​ជឿ ជាក់ពីសមត្ថភាពដែល គួរនឹងទទួលបានតួនាទីសមស្រប ជាអភិបាលស្រុកស្ទោង ចាប់ពីពេលនេះតទៅ  ត្រូវលះបង់ពេល​វេលា សេចក្តីសុខផ្ទល់ខ្លួន រួមទាំងកំលាំងចិត្ត កំលាំងកាយ ដើម្បីបំរើប្រជាពលរដ្ឋ ដោះ​ស្រាយរាល់បញ្ហាគ្រប់កាលះទេសះ សាមគ្គីចងមិត្តភាពជាមួយប្រជាពលរដ្ឋ ត្រូវចូលរួមការពារទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានា ដូចជាបទល្មើសនេសាទ បទល្មើសការកាប់រុករាន្ទដីព្រៃលិចទឹក និងការកាប់ បំផ្លាញព្រៃឈើ ត្រូវគោរពស្រឡាញ់ ប្រជាពលរដ្ឋឲ្យស័ក្កសមជាមន្រ្តីអនុវត្តច្បាប់  ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានសំណូមពរ ឲ្យអភិបាលស្រុកថ្មី ខិតខំបំរើផលប្រយោ​ជន៍ គាំទ្រការបង្ករបង្កើនផល ដាំដំណាំ និងផលិតផលក្នុងស្រុក ដែលសហការរកដៃគូរអភិវឌ្ឍន៍ កាន់តែ​ល្អប្រសើរ សហការជាមួយកងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ការពារសុខសន្តិភាព សុវត្តិភាព ជូនប្រជាពលរដ្ឋ និងពន្លត់ភ្លើងក្នុង បញ្ច្រៀសភ្លើងក្រៅ ដើម្បីសេចក្តីសុខរបស់នៅក្នុងមូលដ្ឋាន ។

ដោយ  ប៊ុន  រដ្ឋា