កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន អញ្ជើញចូលរូមកាន់បិណ្ឌវេនទី១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ ក្នុងសម័យ សង្រ្គាម នៅព្រឹកថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅវត្តឥន្ទកុមា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម និងជាទំនាមទំលាប់ប្រពៃនីខ្មែរតាំងពីបុរាណមក ទើបឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឯកភាពគ្នាជាឯកច្ឆន្ទ ជាមួយនឹង នាយទាហាន និងពលទាហានធ្វើពិធីកាន់បិណ្ឌវេនទី១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅលោកខាងមុខផងដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រសាសន៍ថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជាហើយ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងខែកញ្ញាឬតុលា ដោយតាមព្រះពុទ្ធសាសនាបានចែងថា បុគ្គលដែលស្លាប់ទៅ រមែងតែងតែទៅកើតនៅទីឋានផ្សេងៗគ្នា គឺអាស្រ័យទៅតាមកម្មរបស់ខ្លួនបានសាងកាលខ្លួននៅមានជីវិត។
នៅក្នុងពិធីកាន់បិណ្ឌវេនទី១ ឯកឧត្តម សោម ស៊ុន ព្រមទាំងសហការី បានប្រគេនទ័យទាន និងសម្ភារៈ រួមទាំងបច្ឆ័យ ការចូលរួមចាប់កុសលផលបុណ្យ សម្រាប់ការកសាងសមិទ្ធិផលផេ្សងៗក្នុងវត្ត ចំនួន ២,០១១,០០០រៀល ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រនូវវិស័យព្រះសាសនា ដោយអាណាចក្រ និងពុទ្ធចក្រដើរទទឹមគ្នា បានធ្វើឲ្យប្រជាជនខ្មែរ មានសិទ្ធីក្នុងការធ្វើបុណ្យទាន គ្រប់រដូវកាល មានសេរីភាពក្នុងការប្រារព្វពិធីបុណ្យផេ្សងៗ ដែលជាស្រែបុណ្យរបស់ប្រជាពលរដ្ឋ នាំមកនូវសេចក្តីសុខ រស់នៅក្នុងសង្គមមានសិល្ប៍ ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមគ្រួសារ។
ដោយ ប៊ុន រដ្ឋា




































