កិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

0

កំពង់ធំៈ  នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។

បន្ទាប់ពីដាក់ជូនរបៀបវារៈនៃអង្គប្រជុំទាំងប្រាំ រួមមាន ១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០១៨-២០២០) របស់រដ្ឋបាលខេត្ត ៤). ពិនិត្យ និងអនុម័ត លើសេចក្តីតែងតំាងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត និង តាមមន្ទីរ-អង្គភាពក្នុងខេត្ត និង ៥). បញ្ហាផ្សេងៗ ។

បន្ទាប់ពីធ្វើការពិភាក្សាលើរបៀមវារៈទាំងប្រាំខាងលើរួចមក ឯកឧត្តម សុខ លូ និង ឯកឧត្តម ឈុន ឈន់ លើកឡើងថា ដើម្បីឲ្យខេត្តកំពង់ធំយើងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ លើសពីនេះទៅទៀតការចុះជួយមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ដើម្បីសាកសួរសុខទុក្ខ និងស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលជួបគ្រោះទឹកជំនន់ ដែលត្រូវធ្វើការជួយសង្គ្រោះជម្លៀសបងប្អូនចេញពីតំបន់លិចលង់ ទៅរកទីទួលមានសុវត្ថិភាព និងផ្តល់នូវសម្ភារៈមួយចំនួន ដើម្បីជួយដោះស្រាយបានមួយគ្រាផងដែរ ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មួយវិញទៀត ការបំរើសេវាសាធារណៈ ទំាងសេវាតម្រូវការ និងសេវាសំណូមពរប្រកបដោយគុណភាព មានភាពសាមញ្ញ ប្រសិទ្ធភាព ភាពដែលអាចជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតបទាន់ពេលវេលានឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។ លើសពីនេះទៅទៀត យើងត្រូវពង្រឹងលើផ្នែកវិស័យទេសចរណ៍ គឺជាវិស័យឧស្សាហកម្មគ្មានផ្សែង ក្នុងការជួយទ្រទ្រង់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ តាមរយៈការលក់ផលិតផលដែលមានស្រាប់ក្នុងស្រុក ជាពិសេសដោយប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលជាហេតុធ្វើភ្ញៀវទេសចរណ៍មានការកើនឡើងខ្លាំង ក្នុងនោះដើម្បីថែរក្សាកំណើនភ្ញៀវទេសចរណ៍ទំាងអស់នេះ ឲ្យមានការកើនឡើងបន្ថែមទៀតនោះ យើងមានការយកចិត្តទុកដាក់ទៅលើ ការរក្សាសន្តិសុខ ការផ្តល់នៅសេវាសមរម្យ ប្រកបដោយគុណភាព និងអនាម័យ ទំាងការ ហូបចុក ស្នាក់នៅ ជាដើម៕