ប្រជុំប្រគល់តួនាទីភារកិច្ចការពារសន្តិសុខសណ្ឋាប់ធ្នាប់ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

0

កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានការព្រួយ​បារម្ភណ៍ពីសុវត្តិភាព ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ទើបមានការ កោះប្រជុំជាបន្ទាន់ ដើម្បីប្រគល់តួនាទីភារកិច្ច ទទួលខុសត្រូវតាមគោលដៅនីមួយៗ ដល់ថ្នាក់ដឹកនាំ គ្រប់បណ្តាកងឯកភាព ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

កិច្ចប្រជុំនេះ ត្រូវបានឯកឧត្ត្ម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  មេបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ សង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ឲ្យគ្រប់ បណ្តាកងឯកភាព វរសេនាតូច និងផ្នែកសឹករងស្រុក ក្រុង មានភាពទទួលខុសត្រូវ និងសហការជាមួយ នឹងកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអ៊ឹម និងអាជ្ញាធរ ការពារឲ្យបាន នូវសន្តិសុខ និងសុវត្តិភាពចរា​ចរណ៍ ចោរលួច ចោរប្លន់ និងបទល្មើសផ្សេងៗ ពិធីនេះ បានធ្វើនៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៧។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានប្រសាសន៍ថា នេះគឺជាការងារចាំបាច់បំផុត ការពារឲ្យបាន​និងត្រូវ​យកចិត្តទុកដាក់ ចំពោះសុវត្តិភាព ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដោយទុក្ខព្រួយ​របស់ប្រជាពលរដ្ឋ គឺជាទុក្ខព្រួយរបស់អាជ្ញាធរ  ប្រជាពលរដ្ឋមានសេចក្តីសុខ អាជ្ញាធរសប្បាយចិត្ត ប្រជា​ពលរដ្ឋមានទុក្ខ  អាជ្ញាធរក៏ដេកមិនលក់នោះទេ ដូច្នេះសុំសំណូមពរ គ្រប់កងឯកភាពទាំងអស់ ជួយផ្សព្វ​ផ្សាយឲ្យមានការប្រុងប្រយ័ត្ន ក្នុងអំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ឲ្យចូលរួមការពារ ទ្រព្យសម្បត្តិខ្លួនឯង ដោយ ពន្លត់ភ្លើងធូបទាន និងភ្លើង ចង្រ្កាន មុននឹងចាកចេញពីផ្ទះ ខ្លាចក្រែងបង្ករឲ្យមានអគ្គីភ័យកើតឡើង ។

ក្នុងឳកាសជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យកងកម្លាំងទាំងអស់ ត្រៀមខ្លួនជាស្រេចគោរពតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីបង្ក្រាបជនទាំងឡាយណាដែលបង្ករចលាចលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបំផ្លាញនូវសន្តិភាពដែលកំពុងមានដូចបច្ចុប្បន្ននេះ  ដើម្បីការពារឲ្យបាននូវភាពសុខសាន្ត ជូនប្រជាជនយើង ។

ដោយ  ប៊ុន  រដ្ឋា