តាកែវ៖ ឯកឧត្តម យ៉ឹម ឆៃលី អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៏ថា ការឆ្វេសប្រហែសរបស់ម្ចាស់អាជីវកម្មការ៉ាសសាំង និងឧស្ម័នគឺជាការខាតបង់ មួយយ៉ាងធំធេង ដែលអាចបង្ករគ្រោះថ្នាក់ដល់នាក់ដទៃបាន ដូច្នេះរាល់បម្រាមដែលអ្នកប្រតិបត្តិការលើការចាក់សាំង និងការសាងសង់ការ៉ាស ត្រូវតែមានលក្ខណៈសមស្របទៅតាមស្តង់ដាររបស់ក្រសួងដែលបានកំណត់ ចំណែកបងប្អូនប្រជាពលរដ្ឋក៏ដូចគ្នានេះដែរ គឺត្រូវតែចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ត្រូវគោរពតាម
បម្រាមហាមឃាត់មួយចំនួន ក្នុងពេលដែលអ្នកទាំងអស់គ្នាចូលមកចាក់សាំង ពីព្រោះថា នៅតាមការ៉ាសសាំង និងឧស្ម័នទាំងនោះគឺមានហានិភ័យខ្ពស់ណាស់ទៅលើអាយុជីវិតរបស់យើង បើសិនជាអ្នកទាំងអស់គ្នាមានការឆ្វេសប្រហេសនោះ ។ 
មានប្រសាសន៏បែបនេះដែរគឺក្នុងពេលដែលឯកឧត្តម យឹម ឆៃលី និងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាការផ្សព្វផ្សាយសារាចរស្តីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងការប្រកាសអំពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្តិភាព របស់ស្ថានីយប្រេង និងឧស្ម័ន នៅសាលប្រជុំនៃសណ្ឋាគារ 7day N កាលពីថ្ងៃទី ០៧ ខែកញ្ញា ២០១៧ ។





































