រាជធានីភ្នំពេញៈ សព្វថ្ងៃនៅតាមមន្ទីរពេទ្យនានាមានការខ្វះខាតឈាមច្រើនណាស់ សម្រាប់ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ និង អ្នកជំងឺ។ ដូច្នេះសូមប្រជាពលរដ្ឋ មន្ត្រីរាជការ យុវជន យុវនារី សិស្សានុសិស្សចូលរួមផ្តល់ឈាមអោយបានច្រើននៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម
នៅក្នុង "ទិវាជាតិផ្តល់ឈាម" នៅថ្ងៃ ទី១៤ ខែមិថុនានេះព្រោះថាការបរិច្ចាគឈាមអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម គ្រោងប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ។ យុទ្ធនាការដ៏សំខាន់ ក្នុងឆ្នាំនេះ គឺក្រោមប្រធានបទ ”ឈាមមានសុវត្ថិភាពដើម្បីជួយសង្គ្រោះមាតា“ ។
មន្ត្រីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម នៃក្រសួង សុខាភិបាល បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងជាពិសេស ដោយមានការជួយឧបត្ថម្ភ ពីគម្រោងជំនួយមូលនិធិសកល ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែមានការយល់ដឹង ជាទូទៅថា ហេតុអ្វីបានជាការ ទទួលបានឈាម និងផលិតផល ឈាមមានសុវត្ថិភាព ទាន់ពេលវេលា ពិតជាមានសារៈសំខាន់ ដើម្បីការពារ និងកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ។
មន្ត្រីរូបនោះបានបន្តថា ការប្រារព្ធទិវាដ៏សំខាន់នេះ ដើម្បីថ្លែងអំណរគុណជូន ដល់សប្បុរសជនស្មគ្រ័ចិត្ត បរិច្ចាគឈាមទាំងអស់ ដែលបានចូលរួម និងបន្តបរិច្ចាគឈាម ដើម្បីជាផលប្រយោជន៍ ក្នុងការជួយ សង្គ្រោះជីវិតមនុស្ស។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមលោកហុក គឹមចេង បានមានប្រសាសន៍ក្នុងសិក្ខាសាលាមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៤នេះថា ដោយសារតម្រូវការឈាមសម្រាប់ជួយព្យាបាលអ្នកជំងឺនៅទូទាំងប្រទេស កាន់តែកើនឡើងនោះនៅឆ្នាំ២០១៤ នេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងប្រមូលឈាមពីអ្នកបរិច្ចាគឲ្យបានជាង៦ ម៉ឺនប្លោក ដើម្បីឆ្លើយតបឲ្យត្រូវនឹងសេចក្តីត្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP។
កាលពីឆ្នាំ២០១៣ មជ្ឈមមណ្ឌលជាតិផ្តល់ឈាមបានទទួលអំណោយឈាមពីសប្បុរសជនចំនួន៥០៣៥៣ ប្លោក ហើយបានចែកចាយទៅកាន់មន្ទីរពេទ្យនានានៅទូទាំងប្រទេសវិញមានចំនួន ៤០៥២៧ប្លោក។ ក្នុងឆ្នាំ២០១២ មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមទទួលបានអំណោយ ជាឈាមចំនួន ៦០.០៨៤ប្លោក នៃអ្នកផ្តល់ឈាមទូទាំងប្រទេស៕