សន្និសិទសារព័ត៌មាន ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មមហាអនុតំបន់ទន្លេមេគង្គ លើកទី២

0

សៀមរាបៈ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់ទន្លេមេគង្គត្រូវបានបញ្ជប់ប្រកបដោយជោគជ័យនៅក្រុងសៀមរាប នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៃប្រទេសកម្ពុជា  និង លោក Ramesh Subramaniam  អគ្គនាយក នៃ អគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) បានបង្ហាញ នូវសេចក្តីថ្លែងការណ៍  និង បើកឲ្យមានវេទិកាសំណួរ ចម្លើយ ជាមួយអ្នកសារព័ត៌មាន ផងដែរ  ។ 

ឯកឧត្តម វេង សាខុន លើកបង្ហាញថា ៖  កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងកសិកម្មនៃមហាអនុតំបន់ទន្លេមេគង្គលើកទី២ ( MMA-2 ) គឺដើម្បីពង្រីកបន្ថែមទៀត នូវ កិច្ចសហប្រតិបត្តិការណ៍ វិស័យកសិកម្មក្នុងតំបន់ និង អនុម័តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មថ្នាក់តំបន់ និង ផែនការសៀមរាប ( ២០១៨-២០២២ ) ។  ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានផ្តល់ក្របខ័ណ្ឌថ្មីមួយ សម្រាប់អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និង ភាតរបរិស្ថាន ។

ឯកឧត្តមបញ្ជាក់ថា  ទាំងនោះគឺជាយុទ្ធសាស្រ្តមួយដែលនឹងត្រូវបានបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីធ្វើឲ្យមានស្តង់ដាសុវត្ថិភាពស្បៀងដ៏សមស្រប និង បង្កើតជាមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ប្រកបដោយនិរន្តភាព ។  ផែនការសៀមរាប ២០១៨-២០២២  មានទំនាក់ទំនងជាមួយកម្មវិធី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ តាមរយៈនៃក្របខ័ណ្ឌវិនិយោគថ្នាក់តំបន់ ។  យុទ្ធសាស្រ្ត និង ផែនការសកម្មភាពទាំងនេះ មានគោលបំណងបង្កើតប្រព័ន្ធសុវត្ថិភាពអាហារក្នុងតំបន់ ដោយមានការទទួលស្គាល់ស្តង់ដារវិទ្យាសាស្រ្តទៅវិញទៅមក  ការតាមដានរួមគ្នា  និងការចែករំលែកព័ត៌មាន  ដែលជាពិសេសនោះគឺលើបញ្ជីមុខទំនិញអាហារអនុគ្រោះសំខាន់ៗក្នុងតំបន់  ។

សេចក្តីថ្លែងការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB (  លោក Ramesh Subramaniam  ) អគ្គនាយក នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍  បង្ហាញអំពីគោលជំហរដ៏ជាក់លាក់ថា   ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តផ្តល់ជំនួយបច្ចេកទេស ដល់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ  គាំទ្រចក្ខុវិស័យមួយ ឲ្យក្លាយជាអ្នកផ្គត់ផ្គង់ផលិតផល ដែលមានសុវត្ថិភាព និង ភាតរបរិស្ថាន ។

លោកបញ្ជាក់ថា  ធនធានបច្ចុប្បន្ន សម្រាប់ជំនួយបច្ចេកទេស នៃកម្មវិធីស្នូលគាំទ្រ កសិកម្មជំហានទី២ ដែលហៅថា CASP2  គឺត្រូវបានផ្តល់ឲ្យដោយ ធនាគារអភិវឌ្ឍន៍អាស៊ី  រដ្ឋាភិបាលស៊ុយអែត  និងមូលនិធិអភិវឌ្ឍន៍ Nordic  ហើយក្រុមការងារកសិកម្ម ( WGA ) ដែលមានសមាសភាពជាមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម នៃ មហាអនុតំបន់ទន្លេមេគង្គ បានផ្តល់ការត្រួតពិនិត្យ ដល់កម្មវិធីការងាររបស់កម្មវិធីស្នូលគាំទ្រកសិកម្ម ជំហានទី២ ( CASP2 )  ៕ដោយ  ប៊ុន  រដ្ឋា