កំពង់ចាម: អំណោយមនុស្សធម៌ជាច្រើនកញ្ចប់ ត្រូវបានលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការប្រគល់ជូនដល់ក្រុមកុមារតូចៗដែលកំពុងតែជូបកាលំបាក និងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម។
ដែលពិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ បែន រត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកស្រី គឹម ឆយ អភិបាលរងនៃគណអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីសប្បុរសជនផងដែរ។
ដែលមណ្ឌលកុមារកំព្រានេះ មានទីតាំងស្ថិតនៅក្នុងភូមិទី១ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដោយមានកុមារដែលគ្មានទីជំរក គ្មានឪពុកម្តាយ និងគ្មានសាច់ញាតិ ចំនួន៦៤នាក់ ដែលកំពុងតែរស់នៅទីនេះ ការរស់នៅក្នុងមណ្ឌល វាមានការល្អប្រសើរច្រើនជាង ឲ្យពួកគេរស់នៅដោយខ្លួនឯងនៅខាងក្រៅ ប៉ុន្តែភាពខ្វះខាតក៏ជាបញ្ហាសម្រាប់ពួកគេផងដែរ។
ដោយមើលឃើញបែបនេះ ស្នងការនគបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រត្ន ក៏ដូចជា សប្បុរសជននានា បានដឹកនាំនូវអំណោយជាច្រើនមកចែកជូនដល់កុមារ និងបុគ្គលិកនៅទីនោះ រូមមាន ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអាវ ក្រម៉ា សារុង ទឹកក្រូច និងសំភារៈគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត អំណោយត្រូវបានចែកជា០៤ផ្នែកដាច់ៗពីគ្នា ដូចជាកញ្ចប់សម្រាប់កុមារម្នាក់ៗរៀងខ្លួន កញ្ចប់សម្រាប់បុគ្គលិកបម្រើការក្នុងមណ្ឌលរៀងៗខ្លួន កញ្ចប់សម្រាប់ផ្ទះបាយក្នងមណ្ឌល និងកញ្ចប់សម្រាប់សហការីនគរបាលខេត្តកំពង់ចាមដែលបានចូលរួមរៀបចំកម្មវិធីផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ស្នងការបានឡើងមានមតិសំណេះសំណាល និងផ្ដាំផ្ញើរ ក៏ដូចជាជូនពរដល់ក្មេងៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយលោកបានថ្លែងថា អំណោយនិងភាពសប្បារីយរាយដូចក្នុងពេលនេះ គឺជាសមិទ្ធិផល នៃការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយកូនៗត្រូវចងចាំថា បើសិនជាគ្មានគណបក្សប្រជាជនកម្ពុជាទេ អុំៗក៏គ្មានជិវិត ហើយក៏មិនមានលទ្ធភាពជួយដល់កូនៗបានដែរ។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ស្នងការ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ចាម ព្រមទាំងសហការី និងសប្បុរសជនទាំងអស់ ដែលបានជួយឩបត្ថមសម្ភារៈនិងថវិកា និងផ្តល់កិត្តិយសចូលរួមឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ជាពិសេសកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសំបួរមាស និងប៉ុស្តិ៍វាលវង់ ក្រុងកំពង់ចាម ដែលបានជួយរៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរផងដែរ ៕



































