កំពង់ចាម: ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលក្មេងរងគ្រោះបានជិះម៉ូតូជាមួយជីតារបស់ខ្លួន ហើយត្រូវរថយន្តដឹកគ្រឿងសង្ហារឹមបើកបុក កាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលំ ត្រង់ចំណុចកែងគល់ស្ពាន ស្ថិតក្នុងភូមិល្វេលើ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឈ្មោះយ៉ាន យ៉េត អាយុ៦៤ឆ្នាំ នៅភូមិល្វេក្រោម ឃុំល្វេ ស្រុកកោះសូទិន បានជិះម៉ូតូ១គ្រឿង ម៉ាកC100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ឌុបចៅប្រុសម្នាក់ឈ្មោះយ៉េត ភារ៉ា អាយុ៣ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អឺជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យធ្លាក់ចៅពីលើម៉ូតូ ហើយត្រូវរថយន្ត ម៉ាកនីសាន់ ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2B-6145 បើកបរដោយបុរសម្នាក់ឈ្មោះឃុន សីណាត អាយុ៣៤ឆ្នាំ មានទីលំនៅភូូមិទី៥ ឃុំនៀស ស្រុកសៀមរាប ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត ហើយបានជ្រុលចង្កូតទៅបុកក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត និងដកហូតវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕




































