កាកបាទក្រហមចែកអំណោយជូនដល់គ្រួសារក្រីក្រ ក្នុងស្រុកបន្ទាយមាស

0

ខេត្តកំពត  ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្ត និងជាប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតបានដឹកនាំក្រុមការងារយកអំណោយចែកជូនពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន៣១គ្រួសារដែលកំពុងរស់នៅក្នុងភូមិទុងលាង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបាននាំយកប្រសាសន៍ផ្តាំផ្ញើពីប្រធានកាកបាទក្រហមកម្ពុជាជូនដល់អ្នកចូលរួមទាំងអស់ដោយបញ្ជាក់ថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនតែងខ្វល់ខ្វាយ យកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាទាំងអស់ ពិសេសកុមារកំព្រា ជនពិការ គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ចាន់ ចេស្តា បានរំលឹកដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងអ្មកស្ម័គ្រចិត្តកាកបាទក្រហមឱ្យឆាប់រាយការណ៍ជាបន្ទាន់ក្នុងករណីគ្រួសារ ឬពលរដ្ឋណាម្នាក់ជួបការលំបាកដោយករណីខ្វះខាតស្បៀង ព្រោះថ្នាក់ដឹកនាំមិនអាចព្រងើយកន្តើយចំពោះបញ្ហាទាំងនេះឡើយ៕
ក្នុងដំណើរជាមួយគ្នានេះ​ ឯកឧត្តម ចាន់ ចេស្តា បានប្រគល់អំំណោយ និងផ្ទះទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជូនដល់ស្រ្តីឈ្មោះ សាក សារឿន រស់នៅភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកំពង់ត្រាច ខេត្តកំពតកំពុងជួបការលំបាក គ្មានទីពឹងផងដែរ៕  

ដោយ  អួង វឹង