សួនលីណាៈខេត្តព្រះវិហារ៖
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នាចុងសប្តាស្តិ៍កន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌល់ខេត្តព្រះវិហារ រួមដំណើរដោយមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ រួមជាមួយបងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយក្នុងខេត្ត បាននាំយកនូវទេយ្យវត្ថុ មានបច្ច័យ និងគ្រឿងឧបភោគ បរិភោគយ៉ាងច្រេីន ទៅវេប្រគេនដល់ព្រះសង្ឃ ចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តមរតតេជោបុរីស្វរៈ (ហៅវត្តធម្មជាតិសម្តេចតេជោ) និងវត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) ដោយវត្តទាំងពីនេះ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នៅក្នុងពិធីកាន់បិណ្ឌវេនទី៤ ខាងលើនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមជាមួយបងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយក្នុងខេត្ត បាននាំយកបច្ច័យចំនួន៣៥៩២០០០៛ និងទេយ្យវត្ថុ មានគ្រឿងឧបភោគមួយចំនួន មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តមរតតេជោបុរីស្វរៈ (ហៅវត្តធម្មជាតិសម្តេចតេជោ) ដើម្បីជួយទំនុកបំរុងក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
បន្ទាប់ពីកិច្ចនមាសការព្រះរ័ត្តត្រ័យបានបញ្ចប់ ឯកឧត្តម ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានបន្តនាំយកទេយ្យវត្ថុ រួមនិងគ្រឿងឧបភោគ បរិភោគមានចង្ហាន់ បច្ច័យចំនួន២០០០០០០៛ ទៅវេប្រគេនដល់ព្រះសង្ឃនៅវត្តកែវសិក្ខាគីរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ)ទុកកសាងបន្ត នូវសមិទ្ធផលផ្សេងៗក្នុងវត្តបន្ថែមទៀត ។
ដើម្បីសុំសេចក្ដីសុខ និងឧទ្ទិសកោសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតាញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅបរលោក និងឧទ្ទិសកោសល្យដល់ឌួងវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ៕សួនលីណា





































