សួនលីណាៈព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ត្រូវបន្តកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវបញ្ហាបទល្មើស ពិសេសបទល្មើសពលរដ្ឋឆ្លងដែនចូលទៅរកកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ។
ការអំពាវនាវនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីរាជការក្នុងខេត្ត ចុះសួរសុខទុក្ខ និងអំណោយមានថវិការចំនួន៧លានរៀល រួមជាមួយនិងសម្ភារៈមួយចំនួន ឧបត្ថម្ភដល់កងទ័ពវរៈសេនាតូចលេខ១ (ថ្មធំ ) របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ក្នុងឱកាស់បុណ្យភ្ជុំបិណ្ឌ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ចុងសប្តាស្តិ៍កន្លងទៅ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ សុភក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ។
ឯកឧត្តបានបន្តថា ការចូលរួមទប់ស្កាត់បទល្មើស គឺត្រូវចូលរួមទាំងអស់គ្នា ទាំងផ្នែកជំនាញ និងផ្នែកស៊ីវិល រួមទាំងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារៈកិច្ចឈរជើងការពារទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ បង្ក្រាបឲ្យបាននូវបទល្មើសទាំងឡាយណាដែលលួចឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន ហើយនិងពលកដែលតែងតែលួចឆ្លងដែន ចូលទៅអូសឈើគ្រញូងក្នុងដីថៃ ។
ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់កងទ័ពទាំងអស់ ក្រៅពីភារកិច្ចការពារបូរណភាពទឹកដី គឺត្រូវចូលរួមជាមួយអាជ្ញាធរដែនដី ទប់ស្កាត់នូវបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។
ជាគ្នានេះផងដែរឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ មណ្ឌល់ខេត្តព្រះវិហារ ក៍បានថ្លែងការកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកាលះបង់របស់កងកម្លាំងប្រដាប់អាវុធ ទាំងកំលាំងកាយ និងកំលាំងចិត្ត របស់បងប្អូនយុទ្ធមិត្តយើង ដែលត្រូវបានគាំពារយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈ
បញ្ជាការឯកភាពខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដូចការផ្គត់ផ្គង់ការហូបចុកបន្ថែម ពីលើប្រាក់គោលរបប ដែលសម្តេចបានបន្ថែម ធ្វើអោយជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូនយើងកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ៕ សួនលីណា







































