កំពង់ចាម: នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំបង់ចាម អមដំណើរដោយប្រធាន អនុប្រធានមន្ទីរ មន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មាការនី នៅរោងចក្រខាលីនតុន ព្រមទាំងបានចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនកម្មករ កម្មការនី
ប្រមាណ ៧.៥៩៨នាក់ ក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងបានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មការនី ដែលរងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកដំឡូងបុកពីក្រោយរថយន្តដឹកកម្មករ កម្មការិនី ចំនួន២៣នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន០២នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដោយយោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការអន្តរក្រសួង ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំយុទ្ធនាការចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករ កម្មការនី នៅតាមរោងចក្រ សហគ្រាស កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅថ្មីៗ បានកំណត់ធ្វើយុទ្ធនាការនៅតាមរាជធានី ខេត្តចំនួន១០ ដែលមានកម្មករ កម្មការិនីច្រើន ស្របតាមគោលការណ៍ឯកភាពពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ព្រៃវែង ស្វាយរៀង កោះកុង និងខេត្តព្រះសីហនុ។
ក្នុងនោះមានផែនការរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម សម្រាប់ចុះយុទ្ធនាការនៅតាមរោងចក្រ សហគ្រាសចំនួន១៤រោងចក្រ នៅក្នុងខេត្តកំពង់ចាម ១-ស្រុកបាធាយមានរោងចក្រចំនួន០១ ស្រុកជើងព្រៃមានរោងចក្រចំនួន០៧ ស្រុកពៃឈរមានរោងចក្រចំនួន០៤ ស្រុកកំពង់សៀមមានរោងចក្រចំនួន០១ និងស្រុកកងមាសមានរោងចក្រចំនួន០១ ដោយមានកម្មករ កម្មការិនី កំពុងតែធ្វើការងារក្នុងក្នុងរោងចក្រ សហគ្រាស ចំនួន២៥,០៣៣នាក់ ដែលរោងចក្រមានកម្មករ កម្មការិនីច្រើនជាងគេ ក្នុងខេត្តកំពង់ចាម គឺមានចំនួន៣រោងចក្រ ១-
រោងចក្រ ខាលីនតុន មានកម្មករ កម្មការិនី សរុបចំនួន៧,៥៩៨នាក់ ២-រោងចក្រ ជីហួយ ហ្វូតវៃ មានកម្មករ កម្មការិនី សរុបចំនួន៤,៦០០នាក់ ៣-សួនឧស្សាហកម្ម មេនហាតធេន មានកម្មករ កម្មការិនី សរុបចំនួន៣,៤០៦នាក់។
ដោយក្រុមគ្រូពេទ្យសម្រាប់ចុះយុទ្ធនាការមានចំនួន៦០នាក់ ចែកជា០៤ក្រុម ក្នុង០១ក្រុមមានចំនួន១៥នាក់ ដែលកម្មវិធីសកម្មភាពចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ចាម គឺចាប់ផ្តើមពីថ្ងៃទី១១ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។
សូមបញ្ជាក់ផងដែរថា កម្មករ កម្មការិនី ទាំងអស់ដែលកំពុងធ្វើការក្នុងរោងចក្រ សហគ្រាសក្នុងខេត្តកំពង់ចាម អាចទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលដោយឥតបង់ថ្លៃ (ប.ស.ស ជាអ្នកបង់ប្រាក់ជំនួស) នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលនៅជិតទីតាំងដែលកំពុងស្នាក់នៅ ៕







































