ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ ខណៈជិះម៉ូតូធ្វើដំណើបញ្ច្រាស់ផ្លូវ ទៅបុកជាមួយរថយន្តក្រឡុកសុីម៉ង់ចំមុខយ៉ាងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើ
ផ្លូវលេខ២៧១ ក្បែរនិងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុនោះគឺ មានយុវជនរងគ្រោះម្នាក់ជិះម៉ូតូហង់ដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-5394 បានធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច(ក្នុងទិសដៅបញ្ច្រាស់)ក្នុងល្បឿនលឿនល្មម ខណៈជិតដល់ស្ទុបក៏បានជិះរៀបឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តក្រឡុកសុីម៉ង់មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 5A-0283 បានធ្វើដំណើស្របទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏បានបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង និងបានកិនពីលើថែមទៀត បណ្ដាលឲ្យម៉ូតូរងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯយុវជនម្នាក់ដែលជាម្ចាស់ម៉ូតូ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយម៉ូតូក៏ត្រូវបានរថយន្តកិនខ្ទិចកង់ខាងមុខយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុភ្លាមៗ តៃកុងរថយន្តបានឈប់រថយន្តនៅនិងកណ្ដាលផ្លូវ ហើយចុះរត់គេចខ្លួនបាត់ស្រមោល ។ចំណែកភាគីខាងម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗផងដែរ ។ បន្ទាប់ក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌ អោយចុះមកធ្វើការវាស់វែង យករថយន្តក្រឡុកសុីម៉ង់និងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕




































