រថយន្តធន់ធំបើកបត់មិនប្រយ័ត្ន ជ្រុលទៅប៉ះរថយន្តRAV4 ចំពីចហៀងរងការខូចខាត រួចជជែកគ្នារកត្រូវជាង២ម៉ោង ចុងក្រោយស្រាប់តែ

0

ភ្នំពេញ ៖ រថយន្តISUZU ខ្នាតធន់ធំមួយគ្រឿង ដោយតៃកុងបើកបត់មិនប្រយ័ត្ន ជ្រុលទៅប៉ះរថយន្តRAV4 ដែលកំពុងបើកទន្ទឹមគ្នានៅខាងស្ដាំ បណ្ដាលអោយចំពីចហៀងរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្ទុបម៉ុង់ឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុ គឺត្រង់ចំណុចកើតហេតុ មានស្ទុបបានលោតសញ្ញាហាមឃាត់(ភ្លើងក្រហម) ខណៈពេលនោះមានរថយន្តពីរគ្រឿងបានបើកទទឹមគ្នា ដោយ១គ្រឿងម៉ាកRAV4 L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-9822 (នៅខាងស្ដាំ )និង១គ្រឿងទៀតម៉ាកISUZU ប្រភេទរថយន្តធុនធំ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3668 (នៅខាងឆ្វេង)។ បន្ទាប់មក រថយន្តធន់ធំក៏បានបត់ស្ដាំ ទៅប៉ះរថយន្តRAV4 ចំទ្វារខាងឆ្វេង ហើយរថយន្តRAV4បានបើកទៅមុខបន្តិច ក៏បណ្ដាលអោយកូទទ្វាមួយចំហៀងខាងឆ្វេង និងដាច់កាងរងការខូចខាត ។
ក្រោយពេលកើតហេតុ ភាគីទាំង២បានចុះមកជជែករកតែត្រូវរៀងៗខ្លួនអស់រយៈពេលជាង២ម៉ោង ទើបសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍ ចុះមកសម្របសម្រួលគ្នា ដោយចុងក្រោយ ភាគីខាងរថយន្តធន់ធំសងការខូចខាតទៅលើរថយន្តRAV4 L ចំនួន150$ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕