ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់ ដោយសារជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យទៅបុកឃឿនផ្លូវយ៉ាងពេញទំហឹង

0

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ដ៏គួរអោយរន្ធត់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈពួកគេជិះម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ទៅបុកនិងឃឿនផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មានឈ្មោះ សោង បុផា អាយុប្រហែល២០ឆ្នាំ រស់នៅភូមិឡាំដាំ ស្រុកកោះកំពិក ខេត្តកោះកុង ។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់និងស្រាលមិនបានស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើត គេសង្កេតឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X បិតស្កុតស ពាក់ស្លាកលេខ តាកែវ 1N-9537 បានជិះឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណោតផ្លូវកោង មិនបានបន្ថយល្បឿន ក៏ជ្រុលទៅនិងឃឿនផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដួលបាក់ ករ ស្លាប់យ៉ាងអាណោចអាធម៌ ។ ចំណែកឯ២នាក់ទៀតដែលអង្គុយពីក្រោយបានរងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែេលរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយ ចុះមកដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ ។ ចំណែកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិឆ័យ រួចអោយរថយន្តដឹកសពយកទៅដំកល់នៅក្នុងវត្តទឹកថ្លា រងចាំទាក់ទងសាច់ញាត្តិក្រុមគ្រួសារ យកទៅបូជាតាមប្រពៃណី ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលជំនាញខាងចរាចរណ៍ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះស្រាយនៅពេលក្រោយ ៕