រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវជាកូនប្រសារនិងប្ដី ដកកាំភ្លើងខ្លីម៉ាកប៉េអាកុល មកភ្ជង់បំរុងបាញ់សម្លាប់ម្ដាយក្មេកនិងប្រពន្ធ តែសំណាងមិនល្អគ្រាប់មិនចេញ ធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយឃាត់ប្រគល់ឲ្យសមត្ថកិច្ចដាក់ខ្នោះ ។
ក្នុងករណីខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនសង្ស័យដែលដកកាំភ្លើងខ្លីបាញ់ម្ដាយក្មេកនិងប្រពន្ធរបស់ខ្លួនឯងមិនបានសម្រេចខាងលើ មានឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រនៅក្រុងតាខ្មៅ ស្នាក់នៅបន្ទាប់ជួលលេខ១ ភូមិស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះដែលជាម្តាយក្មេក មានឈ្មោះ គឹម វណ្ណ: អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ ។ រីឯប្រពន្ធមានឈ្មោះ សុិម ចន្ទីរីដា អាយុ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ នៅម្ដុំបឹងទំពុន ស្នាក់នៅជាមួយម្ដាយកន្លែងកើតហេតុខាងលើ ។
បើតាមសម្ដីពីម្តាយក្មេកនិងប្រពន្ធរបស់ជនសង្ស័យខាងលើបានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះជាមនុស្សប្រច័ណ្ឌប្រពន្ធរបស់ខ្លួន និងរឿងលុយកាក ។ ហើយមួយរយ:ពេលមុនពេលកើតហេតុ ជនសង្ស័យធ្លាប់ប្រើហិង្សាទៅលើប្រពន្ធបណ្ដាលឲ្យមានរបួសស្នាម និងធ្លាប់ចូលប៉ុស្ដិ៍ធ្វើកិច្ចសន្យា២ដងរួចមកហើយដែរ ។ ហើយនៅថ្ងៃកើតហេតុ ស្រាប់តែជនសង្ស័យយកកាំភ្លើងខ្លីមកភ្ចុងបាញ់លើរូបគាត់ តែសំណាងល្អបាញ់មិនចេញគ្រាប់ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅដាក់ខ្នោះជនសង្ស័យខាងលើ យកមកប៉ុស្ដិ៍នគរបាលបឹងទំពុន ដើម្បីសាកសួរតែម្ដង ។
បើតាមសម្ដីជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា រូបគេបានទៅទិញកាំភ្លើងម៉ាក PAkol ដោយមានគ្រាប់ក្នុងបង់ចំនួន៨គ្រាប់ពីប្រទេសថៃ ចំនួន៦០០ដុល្លារ ដោយពុំមានលិខិតស្នាមត្រឹមត្រូវនោះឡើយ ហើយយកទុកសម្រាប់បាញ់សម្លាប់ម្ដាយក្មេកនិងប្រពន្ធរបស់ខ្លួន ព្រោះតែមានចិត្តខឹងបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ខឹងម្ដាយក្មេកក្រោយបំបែកបំបាក់ប្រពន្ធកូនដើម និងខឹងប្រពន្ធនៃជនរងគ្រោះលួចមានប្រុសថ្មី ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន បានទៅដាក់ពាក្យបណ្ដឹង ប្ដឹងទៅលើជនសង្ស័យខាងលើ អោយសមត្ថកិច្ចមូលដ្ឋានចាត់ការតាមផ្លូវ ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុនដើម្បីធ្វើការសាកសួរ និងកសាងសាណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕



































