អគ្គីភ័យលេបត្របាក់ម៉ូតូចំនួន៤០គ្រឿងនិងសម្ភារៈជាច្រើនទៀត ក្នុងក្រុងស្ទឹងសែន

0

កំពង់ធំៈ ផ្អើលពេញក្រុងស្ទឹងសែន ខណៈពេលដែល ហាងម៉ូតូ មួយកន្លែង ជាផ្ទះល្វែង៣ជាន់ ត្រូវបានអគ្គីភ័យ​ឆាបឆេះម៉ូតូអស់ ៤០គ្រឿង រួមទាំងសម្ភារៈ និងរបស់មានតំលៃមួយចំនួនទៀត ដែលសមត្ថកិច្ចមិនទាន់អាច​សរុបនូវការខូចខាត ក្នុងករណី ភ្លើងឆេះផ្ទះនេះបានទេ។

នៅក្នុងហេតុការណ៍ភ្លើងនេះ គេសង្កេតឃើញលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ  និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងកងកម្លាំងនគរបាល នៃស្នងការខេត្តកំពង់ធំ និងកងរាជអាវុធហត្ថខេត្ត រួមទាំងកម្លាំងកងយោធពលខេមរភូមិន្ទ  និងអធិការក្រុងស្ទឹងសែន រួមទាំងប្រជាពលរដ្ឋ រាប់រយនាក់ ជួយគ្នាអន្តរាគមពន្លត់អគ្គីភ័យ ដែលអាចគ្រប់គ្រង​ភ្លើង​បានទាំងស្រុងនៅវេលាម៉ោង  ៨.៣០នាទីយប់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ភ្លើងបានឆេះនៅវេលាម៉ោង ៧.២០នាទី ក្បាលព្រលប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយម្ចាស់ផ្ទះឈ្មោះ ប៉ាង យឹមឈង ហៅ ឈីង អាយុ ៥៥ឆ្នាំ ប្រពន្ឋឈ្មោះ រុន មានមុខរបរ​លក់ម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀត ត្រូវបានភ្លើងឆេះរួមមាន ម៉ូតូ៤០គ្រឿង និងសម្ភារៈគ្រឿងបន្លាស់ ដោយខណៈនេះមិនទាន់អាចសរុបតំលៃនៃការខូចខាតបានទេ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានថ្លែងអំណរគុណដល់កងកម្លាំងទាំង៣ប្រភេទ រួមទាំងប្រជាពលរដ្ឋ ដែលបានចុះមកជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យបានទាន់ពេលវេលា និងទប់ស្កាត់ភ្លើងមិនអោយឆេះរាលដាលដល់ផ្ទះ អ្នកជិតខាង ហើយក៏សំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ចរន្តអគ្គីសនីយ៍សូមឲ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ កុំតចរន្តដោយគ្មានឯង បើគ្មានជំនាញ នាំឲ្យមានអគ្គីភ័យឆាបឆេះបាន ក្នុងករណីមានហេតុការ​អ្វីៗ សូមឲ្យរាយការណ៍ ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានអគ្គីភ័យ ឆេះនេះគឺតាមការពិនិត្យស្ថានភាព និងយោងតាមការផ្តល់ព័ត៌មាន របស់ជនរងគ្រោះគឺ បណ្តាកមកពីទុសសេខ្សែភ្លើង ប្រើកំលាំង80នាក់និងប្រជាពលរដ្ឋជាច្រើន ប្រើប្រាស់ឡានទឹក5គ្រឿង  សូមបញ្ជាក់ផងដែរថា ក្នុងករណី អគ្គ័យនេះ ពុំបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ ។

ដោយ  ប៊ុន  រដ្ឋា