សាំង សារ៉ាវី: តាកែវ: ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តតាកែវ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ សុវត្ថិភាពម្ហូបអាហារ និងពន្យល់ណែនាំ ចែកស្ទីកឃ័រ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋ នៅផ្សារសំរោងយោង ក្នុងស្រុកបាទី ខេត្តតាកែវ ។
លោក ប៉ោ លាងគង់ ថ្លែងឲ្យដឹងថា ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោកផ្ទាល់ និងមន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៏បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងតែមួយគត់ គឺចង់ប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ ។ ទន្ទឹមនិងការចុះពិនិត្យនេះដែរ គឺមន្ត្រីជំនាញបានរកឃើញ សរសៃគុយទាវបាញ់កាញ់ ចំនួន ១៤គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់កម្រិតខ្ពស់ និងបានដកហូតខ្ញីដែលចិតរួចហើយចំនួន ១០គីឡូ ដែលមន្ត្រីជំនាញរកឃើញថា មានផ្ទុកនៅសារធាតុសូដ្យូអ៊ីត្រុដស៊ីត ហៅថាម្សៅសរ នៅលើខ្ញីផងដែរ ។
លោក បញ្ជាក់ថា លទ្ធផលដែលទទួលបាននាថ្ងៃនេះវាជាលទ្ធផលដ៏ល្អបន្ថែមទៀត ព្រោះថា បន្ទាប់ពីមន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យ និងបានពន្យល់ណែនាំអាជីវករ និងប្រជាពលរដ្ឋជាប់ជាប្រចាំ គាត់កាន់តែយល់ដឹងកាន់តែច្បាស់ ពីរបៀប ការដាក់តាំងលក់ ទិញ រក្សាទុកទំនិញ និងការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពយកមកទទួលទាន ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្ត នៅតែបន្តបិទ ចែក និងបង្ហាញ នៅស្លាកស្ទីកឃ័រដល់អាជីវករ ពីរបៀបជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព យកមកលក់ និងទទួលទាន ដើម្បីអោយពួកគាត់ជាការពញ្ញាក់ស្មារតីបន្ថែម និងបានយល់អោយកាន់តែច្បាស់ ក៏ដូចជាបានទៅផ្សព្វផ្សាយបន្ត ដល់មិត្តភក្តិ ញាតិមិត្ត បងប្អូននៅក្នុងភូមិ ក្នុងសហគមន៍ក្នុងមូលដ្ឋាន អោយបានដឹង និងយល់ទាំងអស់គ្នា ដែលនេះជាអ្វីដែលសាខាកាំកុងត្រូលខេត្ត អគ្គនាយកដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាលចង់បាននោះ ។
អ្នកមីង ហៀង ស្រីណូ ជាប្រជាពលរដ្ឋរស់នៅស្រុកបាទីបាននិយាយថា រូបគាត់មានអារម្មណ៍ថាសប្បាយចិត្ត ចំពោះការខិតខំរបស់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ដែលលោកតែងតែចុះពិនិត្យជាប្រចាំ ព្រោះថាសកម្មភាពបែបនេះ វាពិតជាបានជួយដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងបានច្រើនលើការបរិភោគអាហារណាដែលមានគុណភាព មិនមានសារធាតុគីមី ក្នុងនោះអ្នកមីងក៏បានសំណូមពរដល់មន្ត្រី បន្តចុះត្រួតពិនិត្យជាប្រចាំ ដើម្បីពញ្ញាក់ស្មារតីដល់អាជីវករ និងអ្នកទទួលទាន ៕



































