ដោយ សួន លីណា :ខេត្តព្រះវិហារ៖
រដ្ឋបាលខេត្តកំពត បានចំណាយថវិកាប្រមាណជា៥០លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រើប្រាស់មួយចំនួនទៀត ត្រូវបាននាំយកមកឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារៈកិច្ច ឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ប្រាសាទព្រះវិហារ ស្របពេលដែលពិធីកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បាននិងកំពុងប្រព្រឹត្តទៅ នៅទីបញ្ជការកងពលតូចអន្តរាគមន៍លេខ៨ ចំណុចប្រាំមករា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឡើងរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត អំពីសភាពការណ៍រួមដែលកើតមាន នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ របស់អង្គភាពទាំងនាពេលកន្លងមក និងនៅគ្រាបច្ចុប្បន្ន តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាស្ថានភាពនៅទីនេះ គឺគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។
ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា បើទោះបីសភាពការណ៍ព្រំដែនមានសភាពស្ងប់ស្ងាត់យ៉ាងណាក្តី ក៏កម្លាំងកងទ័ពជួរមុខទាំងអស់ នៅតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ដោយមិនបណ្តោយឲ្យសត្រូវ ចូលឈ្លានពានបានជាដាច់ខាត។
ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងលើកទឹកចិត្ត ដោយកោតសរសើរ ដល់នាយទាហាន និងពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងយកអស់កម្លាំងចិត្តកម្លាំងកាយ មិនគិតពីការនឿយហត់ ក្នុងការការពារបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានបាន បើទោះបីរដូវនេះជារដូវបុណ្យភ្ជុំបិណ្ឌយ៉ាងណាក្តី ក៏យុទ្ធមិត្រទាំងអស់មិនដែលត្អូញត្អែរនោះដែរ។
ឈ្លាតក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានពាំនាំផ្តាំផ្ញើ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងទ័ព ចំពោះនាយ នាយរង និងពលទាហាន ដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ហើយសម្តេចទាំងពីរ និងថ្នាក់ដឹកនាំកងយោធពលខេមរៈភូមិន្ទ នៅតែគិតគូខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ទីណាកងទ័ពមានការលំបាក ទីនោះមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ច ៕សួនលីណា








































