តាកែវៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្រោមម៉ូតូនៅក្នុងទឹកប្រឡាយក្បែរចិញ្ចើមថ្នល់មួយកន្លែងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិចក សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ 
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានបុរសម្នាក់ដេកស្លាប់ក្រោមម៉ូតូនៅចំណុចប្រឡាយខាងលើកម្លាំងនគរបាលក៍បានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យមើលឃើញថាបុរសខាងលើពិតជាបានស្លាប់ដោយសារជិះម៉ូតូបុកដើមឈើហើយធ្លាក់ចូលប្រឡាយស្លាប់ពិតប្រាកដមែន ដោយប៉ូលីសសន្និដ្ឋានថាហេតុការណ៍នេះកើតឡើងនៅវេលាចន្លោះម៉ោង00ទៅម៉ោង១យប់ថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ។ បុរសខាងលើមានឈ្មោះ ផាន់ ផាណែត ភេទប្រុស
អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរជាបុគ្គលិកវិទ្យុផ្សាយសម្លេង អែនជែល ដែលមានទីតាំងនៅភូមិឃុំកើតហេតុ បានបើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1E 4959 ពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៍ជ្រុលចង្កូតទៅបុកដើមឈើនាង១ដើមរួចក៍ធ្លាក់ប្រលាយត្រូវម៉ូតូកិនពីលើស្លាប់តែម្ដង ។ លុះព្រឹកឡើងមានបងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណប្រទះឃើញក៍រាយការមកសមត្ថកិច្ច ។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។




































