កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តកំពង់ធំ ដោយស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងរដូវ វស្សា ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ រួមទាំងព្រះតេជគុណ ហ៊ន ហ៊ល ព្រះគ្រូចៅអធិការវត្តក្រសាំងមានជ័យ ហៅវត្តស្រែក្រសាំង ដឹកនាំប្រជាពលរដ្ឋ៧០នាក់ សាងសង់ស្ពានឈើដែលមានប្រវែង ៤០ម៉ែត្រ ទទឹង១,៨០ ដើម្បីសម្រួលចរាចរណ៍ ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងការប្រកបមុខរបរទទួលទាន និង ធ្វើដំណើរទៅធ្វើបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះផងដែរ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧។
ព្រះតេជគុណ ហ៊ន ហ៊ល បានមានសង្ឃដីការថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ ដែលបំរើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ៨ភូមិក្នុងឃុំពពក និងឃុំប្រឡាយមួយចំនួន ដែលអាចធ្វើដំណើរតាមផ្លូវនេះទៅកាន់ឃុំពពក ។ ដោយស្ពាននៅចំនុចនេះ មានការបែកបាក់ ពុកផុយ ពិបាកក្នុងការធ្វើដំណើរ ទើបមានការមូលមតិគ្នាធ្វើស្ពាននេះ ឡើងវិញដោយមានការគាំទ្រ និងជួយឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ ដោយឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយឃុំពពក និងព្រះតេជគុណ ហ៊ន ហ៊ល ព្រះគ្រូចៅអធិការវត្តក្រសាំងមានជ័យ និងអាជ្ញាធរមូលដ្ឋាន រហូតសាងសង់រួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋប្រើប្រាស់ ប្រចាំថ្ងៃ ។
ឯកឧត្តម គង់ វិមាន បានបញ្ជាក់ថា ស្ពានឈើនេះស្ថិតនៅចំនុច ចន្លោះឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ស្ពាននេះជាស្ពានទី២ហើយ ដែលស្ពានទី១ ឈ្មោះថា ស្ពានតេជោអូពីរ ស្ថិតនៅភូមិពពក ប្រវែង៥០ម ទទឹង ៤.២ ម ដែលបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជាង១០,០០០ម៉ឺនដុល្លា ក្នុងនោះថវិការបស់ឯកឧត្តម គង់ វិមាន ផ្ទាល់ ចំនួន៨,៧០០ដុល្លា ។
និងស្ពានទី២នេះ ប្រវែង៤០ម ដែលកំពុងសាងសង់នៅក្នុងឃុំពពកនាពេលនេះ ។ ក្រៅពីនេះមានហេដ្ឋារចនាសម្ព័ន្ឋ ជាច្រើនទៀត ដែល ឯកឧត្តម គង់ វិមាន បានជួយប្រជាពលរដ្ឋ នៅក្នុងឃុំពពកទាំងមូល បានប្រើប្រាស់ដែលពីមុនតំបន់នេះ ពុំមានការអភិវឌ្ឍន៍ រីកចំរើន ដូចបច្ចប្បន្ននេះទេ ។ ប្រជាពលរដ្ឋនៅឃុំពពកទាំងមូល មានការពេញចិត្ត ពេញថ្លើមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយប្រជាពលរដ្ឋ ដោយគ្មានការរាថយឡើយ ។ យ៉ាងណាមិញ បន្ទាប់ពីផ្លូវថ្នល់ស្ពាន បច្ចុប្បន្នឃុំពពកទាំងមូលកំពុងតែទទួលបាននូវ សាលាឃុំថ្មី មណ្ឌលសុខភាព ផ្លូវលំក្រាលគ្រួសក្រហម សាលារៀន វត្តអារាម ប្រឡាយទឹក ដែលកំពុងតែធ្វើការអភិវឌ្ឍន៍ គួរអោយមោទនៈបំផុត។
ឯកឧត្តម គង់ វិមាន បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើ ដំណើរតាមផ្លូវនេះ ជួយគ្នាថែរក្សាស្ពានឈើនេះឲ្យប្រើប្រាស់បានយូរអង្វែង ហើយនៅពេលខាងមុខនេះអាជ្ញាធរមានគំម្រោង លើកផ្លូវលំ និងសាងសង់ស្ពានថ្មសម្រាប់បងប្អូនធ្វើដំណើរបានងាយស្រួល និងកាត់បន្ថយការចំណាយ និងពេលវេលាផងដែរ។
លោកតា លោកយាយ រួមទាំងប្រជាពលរដ្ឋទាំងអស់ មានចិត្តសប្បាយរីករាយ និងត្រេតអរជាខ្លាំង ដោយសារកន្លងមកផ្លូវ ស្ពាន នេះពិបាកក្នុងការងារធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សាទឹកលិចផ្លូវហូរហៀរ ដែលមិនអាចធ្វើដំណើរបាន ។ តែពេលនេះប្រជាពលរដ្ឋ អស់កង្វល់ដោយសារបានស្ពានថ្មី ជាចំណងដៃក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ និងបានថ្លែង អំណរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិបាល នៃគណអភិបាលខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ និងសូមជូនពរ ទទួលបានសេចក្តីសុខ សេចក្តី ចម្រើនគ្រប់ៗគ្នា ។
ដោយ ប៊ុន រដ្ឋា 



































