អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ បានរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ដោយ​ដាក់​កម្លាំង​នគរបាល​ចរាចរណ៍​ នៅតាម​គោលដៅ​សំខាន់ៗ​

0

ថោយ ប៉ៃលិន:  ត្បូងឃ្មុំ​:​ ដើម្បី​ការ​បើកបរ​ដោយ​សុវត្ថិភាព​ ចៀសវាង​ការ​ខូចខាត​យានយន្ត​​ ឬ​បាត់បង់​ទ្រព្យ​សម្បត្តិ​ ជាពិសេស​ត្រូវ​ការពារ​អាយុជីវិត​ផង​នោះ​ នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ខេត្ត​ត្បូងឃ្មុំ​ បាន​រឹតបន្តឹង​ពង្រឹង​ច្បាប់​ចរាចរណ៍​ នាឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាង​មុខនេះ​ ដោយ​បានដាក់​កម្លាំង​ប្រចាំ​ការ​តាម​គោលដៅ​សំខាន់ៗ​ នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ ដើម្បី​ត្រួតពិនិត្យ​លើ​ល្បឿន​បើកបរ​ និង​អ្នក​បើកបរដោយ​មិន​ពាក់​មួក​សុវត្ថិភាព​ផង​ដែរ​។

លោកវរសេនីយ៍ឯក ឈឹម គឹម ហុង ស្នងការរងនគរបាលខេត្ត​ត្បូងឃ្មុំ​ ទទួល​ផែនសណ្តាប់ធ្នាប់ បាន​ប្រាប់ឲ្យដឹងថា ក្រោមការ​ដឹក​នាំ​ដោយ​យកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្ត​ត្បូងឃ្មុំ​ ដោយបាន​ចាត់តាំង​ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានដាក់ប៉ុស្តិ៍ ត្រួតពិនិត្យជាប្រចាំ​ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុច ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយ​ត្រូវ​ត្រួតពិនិត្យ​លើ​ល្បឿន​យានយន្ត​ ដែល​បើកបរ​លើស​ល្បឿន​កំណត់​ ឬ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​ធ្វើ​ការ​អប់រំដល់​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រវាត់​ និង​អ្នក​បើកបរ​ម៉ូតូ​​ដោយ​មិន​មាន​ពាក់​មួក​សុវត្ថិភាព​ លើសពីនេះក៏មានការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ វត្តអារាម ក៏ដូចជាការ ចុះសម្រួលចរាចរណ៍នៅតាមស្ពាន ថ្នល់ ដែលមានល្ខណះតូចចង្អៀតផងដែរ។ លោក​ស្នងការ​រង​បាន​បញ្ជាក់​ថា​ គ្រាន់តែចាប់តាំងពីដើមខែមករា មកទល់​នឹង​ ខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៥០ករណី បណ្តាលឲ្យ​មនុស្ស​ស្លាប់៣៥នាក់ និង​រងរបួសធ្ងន់៥០នាក់ របួសស្រាល២៨នាក់។​ ទាំង​នេះ​ដែល​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ហើយ​បាន​ចាត់តាំង​ឲ្យ​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕