សណ្ឋាគារ Angkor panoramic ត្រូវបានអគ្គិភ័យត្របាក់អស់ ទ្រព្យសម្បត្តិ១បន្ទប់

0

ខេត្តសៀមរាប៖     សណ្ឋាគារ អង្គរ ប៉ា នូរ៉ាម៉ិច (Angkor panoramic) ត្រូវបានអគ្គិភ័យត្របាក់មួយប៉ព្រិចភ្នែក អស់ ទ្រព្យ សម្បត្តិ១ បន្ទប់ ទាំងកណ្តាលថ្ងៃ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវ កំពុងគេង នៅតាមបន្ទប់នីមួយៗ ក្នុងក្រុងសៀមរាប។
ហេតុការផ្ទុះខ្សែភ្លើង នៅក្នុងសណ្ឋាគារនោះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទី រសៀល ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅក្នុងសណ្ឋាគារ អង្គរ ប៉ា នូរ៉ាម៉ិច (Angkor panoramic) ជាន់ទី ៤ បន្ទប់លេខ ៤១០ ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ អ៊ុន ភីរម្យ នាយរងការិយាល័យបង្កាពន្លត់អគ្គិភ័យ និង សង្គ្រោះ បានប្រាប់នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៧នេះថា បន្ទាប់ពីមានអគ្គិភ័យឆាបឆេះបន្ទប់របស់សណ្ឋាគារ អង្គរ ប៉ា នូរ៉ាម៉ិច (Angkor panoramic) នៅជាន់ទី៤បន្ទប់លេខ៤១០នោះ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានឱ្យលោកដឹកនាំកម្លាំង និង ប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាប ចំនួន៤ឡាន ប្រើទឹកអស់២ឡាន ទើបធ្វើអង្គរ ប៉ា នូរ៉ាម៉ិច (Angkor panoramic) បន្ទប់សណ្ឋាគារនោះ រលត់បាត់ទាំងស្រុង ដោយពុំមានការរាលដាលដល់បន្ទប់ផ្សេងទៀតឡើយ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន២គ្រឿង ដែលមកចូលរួម ចាំជួយពន្លត់នោះ ពុំបានប្រើប្រាស់អស់ទឹកឡើយ។លោកបានបញ្ជាក់ថា ម្ចាស់សណ្ឋាគារ អង្គរ ប៉ា នូរ៉ាម៉ិច (Angkor panoramic)មានឈ្មោះ បែ នី កិកទី ភេទប្រុសអាយុ៥១ឆ្នាំ មុខរបរ ជាថៅកែ ជនជាតិបារាំង បានចេញទៅប្រទេសបារាំង ហើយ និងអ្នកគ្រប់គ្រង ឈ្មោះ សាំង សុគុណ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។លោកបានបញ្ជាក់បន្ថែមថា បើតាមសម្តីរបស់អ្នកគ្រប់គ្រង សណ្ឋាគារបានប្រាប់សមត្ថកិច្ចយើងថា មូលហេតុដែលឆេះបន្ទប់នោះ គឺមកពីផ្ទុះស្សេខ្សែភ្លើង ចេញពីបន្ទប់លេខ៤១០ ជាន់ទី៤ព្រោះគ្មានអ្នកស្នាក់នៅទេ។លោកបានបន្ថែមទៀតថា ចំពោះការខូចខាត នៅក្នុងបន្ទប់សណ្ឋាគារនោះវិញរួមមាន ទូរទស្សន៍ ចំនួន១គ្រឿង គ្រែ ១ ពូក ១ កញ្ចក់ និង បង្អួច ដែលសមត្ថកិច្ចនិងអ្នកគ្រប់គ្រង បានវាយ កំទេច ដើម្បី ទាញស៊ីយ៉ូ ចូលពន្លត់ ទើបធ្វើឱ្យរលត់បាត់អស់ទាំងស្រុងនៅវេលាម៉ោង១២និង៥០នាទីថ្ងៃដដែល៕ដោយ ច័ន្ទ រស្មី