កំពង់ធំៈ លោកអនុសេនីយ៍ត្រី ផាន់ ធិន នាយរងការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្លាក់ខ្លួនមានជម្ងឺថ្លើមយ៉ាងធ្ងន់ធ្ងរ ត្រូវបានមកសម្រាកព្យាបាលនៅផ្ទះ បន្ទាប់លោកវេជ្ជបណ្ឌិត មន្ទីរពេទ្យនៅទីក្រុងភ្នំពេញប្រាប់ថាអស់លទ្ធភាពព្យាបាលបន្ត បច្ចុប្បន្នរស់នៅភូមិ ព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងផ្តលកំលាំងចិត្តដល់ លោកអនុសេនីយ៍ត្រី ផាន់ ធិន បន្ទាប់ពីបានទទួលដំណឹងថាបានមកសម្រាកព្យាបាលនៅផ្ទះវិញ ព្រមទាំងបាននាំយក គ្រឿងឧបនិងឧបភោគបរិភោគ ផ្ដល់ជូននូវ អង្ករចំនួន២៥គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកផ្លែឈើមួយកេស ទឹកដោះគោឆៅមួយយួរ ទឹកបរិសុទ្ធមួយកេស និងថវិកាចំនួន៤០០.០០០៛ នៅព្រឹកថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៧។
ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោម ស៊ុន បានអោយដឹងថា សុខទុក្ខរបស់យោធិនក្រោមឱវាទ គឺជាសុខទុក្ខរបស់មេបញ្ជាការអង្គភាព ដោយមានការអាណិតអាសូក្រុមគ្រួសារ លោក ផាន់ ធិន យ៉ាងខ្លាំងដែលបានទ្រាំចិត្ត ទទួលនូវបញ្ហាប្រមុខនាពេលខាងមុខ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញអស់លទ្ធភាព ថែមទាំងលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មិនអាចមានលទ្ធភាពព្យាបាលបន្តទៅទៀតបានទេ ទោះជាការព្យាបាលបន្ទាប់បន្សំពីគ្រូខ្មែរនៅផ្ទះ ជម្ងឺគាត់កាន់តែធ្ងន់ធ្ងរ ហើមបពោះដៃជើងស្វិតអស់ និងមិនអាចហូបអ្វីបានឡើយ។
ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងនូវក្តីព្រួយបារម្ភណ៍ ដោយក្តីអាណិតអាសូក្រៃលែង យោធិនបាន ធ្លាក់ខ្លួនឈឺដោយពុំអាចមានលទ្ធភាពព្យាបាលបន្តទៀត និងបានផ្តាំផ្ញើរដល់ក្រុមគ្រួសារ យកចិត្តទុកដាក់ មើលថែជំងឺ ពិសារថ្នាំតាមពេទ្យបញ្ជា និងព្យាយាមឲ្យអ្នកជំងឺសប្បាយចិត្ត ពិសារអាហារអោយបានច្រើន ។
ដោយ ប៊ុន រដ្ឋា



































