ប្រជាពុទ្ធបរិស័ទបាននាំគ្នាទៅបោះបាយបិណ្ឌយ៉ាងសស្រាក់សស្រាំនៅស្ទើរគ្រប់វត្តអារាមក្នុងខេត្តស្ទឹងត្រែង !

0

ដោយ៖ឡុង សំបូរ  ខេត្តស្ទឹងត្រែង៖ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតមកដល់ថ្ងៃកាន់បិណ្ឌទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ គេនៅតែកត់សម្គាល់ឃើញថា ប្រជាពុទ្ធបរិស័ទ ដែលជាសាសនិកជន នៅក្នុងខេត្តស្ទឹងត្រែងស្ទើរគ្រប់ៗគ្នា បានរូតរះម្នីម្នា ក្នុងដៃមានភ្ជាប់មកជាមួយនូវទៀន ធូបផ្កា គ្រឿងបរិក្ខា និងបាយបិណ្ឌដែលដាក់ក្នុងចាន ឬស្បោងនោះ នាំយកមកវត្តនៅមុនសូរិយារះ ដើម្បីសែនព្រេន និងឧទ្ទិសចំពោះបុព្វការីជន ដូនតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ហើយបានទៅចាប់កំណើតជាប្រេត។
នៅក្នុងចានដែលគេដាក់បាយបិណ្ឌនេះ គេសង្កេតឃើញគ្រឿងបរិក្ខាជាច្រើនមុខ ដូចជា បាយដំណើមពូតលាយជាមួយល្ង សណ្តែក ស្កគ្រាប់ នំ អំពៅ ថវិកា ធូប ទៀន និងលំអរទៅដោយលំអងផ្កាយ៉ាងប្រណិត ហើយព្រះសង្ឃសូត្រដាស់ហៅដល់បុព្វការីជន ដែលបានទៅចាប់កំណើតជាប្រេត ឲ្យក្រោកមកទទួលទានអាហារ នៅមុនព្រះសូរិយារះ គឺនៅវេលាម៉ោង៤ទៀបភ្លឺ ។
ការបោះបាយបិណ្ឌ ត្រូវគេព័ណ៌នាថា គឺជាជំនឿអរូបិយមួយ ដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឲ្យទៅញាតិសន្ដាន សាច់សាលោហិតដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ការបោះបាយបិណ្ឌ ឬហៅថាបោះដុំបាយនេះ គឺ ជាសកម្មភាពមួយ ដែលមិនទាន់មានឯកភាពគ្នា នៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌ ជាកិច្ចដ៏សំខាន់មួយមិនអាចខានបាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌនេះ ។ នៅរយះកាលកន្លងមក មានការលើកឡើង ដោយអ្នកខ្លះបានអះអាងនិងរិះគន់ថា ការបោះបាយបិណ្ឌ គឺជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយ និងជាការធ្វើមិនគោរពទានជាដើម។ ឯអ្នកខ្លះមានជំជឿថា ការបោះបាយបិណ្ឌ គឺមានប្រយោជន៍ណាស់ សំរាប់បញ្ជូនទៅឲ្យពពួកប្រេត ដែលត្រូវជាសាច់ញាតិផងខ្លួន ដូច្នេះហើយទើបនៅតំបន់ខ្លះ គេមិនហៅ«បាយបិណ្ឌនោះទេ គឺគេហៅថាបាយប្រេត» ។ ចំណែក អ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវ ទៅតាមការបង្រៀនរបស់ព្រះពុទ្ធនោះឡើយ។
យោងតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលបានស្លាប់ទៅ តែងទៅកើតនៅទីផ្សេងៗពីគ្នា ទៅតាមកម្មផលរបស់ខ្លួនដែលបានសាង កាលពីខ្លួននៅមានជីវិតនៅឡើយ ។ មនុស្សចិត្ដអាក្រក់ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រភេទប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផល ដែលបុគ្គលដទៃឧទ្ទិសទៅឲ្យ។
នៅក្នុងពេលបោះបាយបិណ្ឌនេះ គេបានជ្រើសរើសយកចំថ្ងៃរនោច ខែភទ្របទព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ឧិកាសនោះហើយដែលយមរាជដោះលែងពួកប្រេតទាំងនោះ ឲ្យមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផល ដែលបងប្អូនញាតិសន្ដានបានឧទ្ទិសឲ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។
គម្ពីព្រះពុទ្ធសាសនាបានថែងទៀតថា ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដ ពុំមានឃើញបងប្អូនញាតិសន្ដានណា ធ្វើបុណ្យបញ្ជូនកុសលទៅឲ្យនោះទេ នោះពួកគេនឹងអត់បាយ អត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសា ដល់បងប្អូនញាតិកាទាំងឡាយ ឲ្យរលាយហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ និងញាតិផៅទាំងប្រាំពីរសន្ដាន។
ដោយយល់ឃើញបែបនេះហើយ ទើបប្រជាពលរដ្ឋ ដែលជាសាសនិកជនទាំងអស់ នៅទូទាំងប្រទេស តែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីដើមរៀងមក រហូលដល់គ្រាបច្ចុប្បន្ន ដែលគ្មានបុគ្គលណាអាចបំភ្លេចចោលនោះឡើយ ៕